(ម៉ានីល)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា បានចែកគ្នា ១ពិន្ទុម្នាក់ ជាមួយក្រុមម្ចាស់ផ្ទះ U22 ហ្វីលីពីន បន្ទាប់ពីបញ្ចប់ការប្រកួតពេញម៉ោងស្មើ ១-១ ក្នុងជំនួបបើកឆាកពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច នៅកីឡដ្ឋាន Rizal Memorial Stadium នៃទីក្រុងម៉ានីល ។

ការប្រកួតដ៏ជក់ចិត្តនេះ ក្រុមគោព្រៃជំទង់កម្ពុជា ធ្វើបានយ៉ាងល្អ ដោយតង់ទី១ កម្ពុជាបានបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះហ្វីលីពីន ១គ្រាប់មុន នៅនាទី៤១ ដែលធ្វើសម្រេចដោយកីឡាករ កែវ សុខផេង ។ បន្ទាប់មកហ្វីលីពីន បានព្យាយាមវាយបក រហូតដល់នៅម៉ោងបន្ថែម ពួកគេក៏បង្កើតឱកាសរកបានគ្រាប់បាល់តាមស្មើ ១-១ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ។

ជាមួយលទ្ធផលស្មើគ្នា បានធ្វើឲ្យក្រុម U22 កម្ពុជា ក៏ដូចជាក្រុម U22 ហ្វីលីពីន ទទួលបាន ១ពិន្ទុ ស្មើគ្នា ដូចទៅនឹងក្រុម U22 ម៉ាឡេស៊ី និងក្រុម U22 មីយ៉ាន់ម៉ាដែរ ខណៈក្រុមទាំងពីរនេះ ក៏បានបញ្ចប់ការប្រកួតពេញម៉ោង ដោយលទ្ធផលស្មើគ្នា ១-១ ក្នុងជំនួបបើកឆាកពូល A នៃព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន ២ឆ្នាំម្ដងនេះ កាលពីល្ងាចមិញ ។

គួរបញ្ជាក់ថា សម្រាប់បេសកកម្មចូលរួមស៊ីហ្គេមឆ្នាំនេះ ក្រុម U22 កម្ពុជា គឺស្ថិតក្នុងពូល A ជាមួយម៉ាឡេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត និងម្ចាស់ផ្ទះហ្វីលីពីន ។ ចំពោះប្រកួតបន្ទាប់ ក្រុមដឹកនាំដោយបុរសអាហ្សង់ទីនលោក Felix G.Dalmas នឹងត្រូវជួបក្រុម U22 ទីម័រខាងកើត នាថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខ៕