(ភ្នំពេញ)៖ ចំណងស្នេហារវាងអ្នកសិល្បៈដូចគ្នា តែងតែទទួលរងនូវពាក្យរិះគន់ពីមហាជនមិនតិចនោះទេ ជាពិសេសពាក្យថា «ស្នេហាអ្នកសិល្បៈស្រឡាញ់តែមួយឆាវ» បានលេចឡើងជាបន្តបន្ទាប់ សឹងតែធ្វើឲ្យជីវិតគូ ជួបរឿងរកាំរកូសក៏មាន។ យ៉ាងណាមិញ ងាកមកស្នេហាតារាប្រុសស្រីពីរដួង គឺសួស វីហ្ស និងថមមី ឯណោះវិញ ក៏មិនខុសពីការលើកឡើងខាងលើដែរ។ អ្នកទាំងពីរ បានឆ្លងកាត់នូវពាក្យពេចន៍មិនល្អជាច្រើនពីមនុស្សជុំវិញខ្លួន ទោះយ៉ាងណានៅតែអាចកាន់ដៃគ្នា រហូតសម្រេចបំណងបានរោងការជាមួយគ្នា។ ដើម្បីឲ្យទស្សនិកជនបានជ្រាបពីប្រវត្តិជីវិតរបស់ពួកគេ ថមមី បានបញ្ចេញនូវវីដេអូចម្រៀងមួយ បង្កប់ដោយរយលានអត្ថន័យក្នុងនោះ។

តាមរយៈការបង្ហោះវីដេអូឲ្យមហាជនបានទស្សនា លោក ថមមី បានរំលេចនូវសារប៉ុន្មានឃ្លារមានខ្លឹមសារថា «ជំរាបសួរបាទនេះជា Full video ដែលបងប្អូនកំពុងទន្ទឹងរង់ចាំ ពេលនេះបានចេញជាផ្លូវការហេីយ។ ខ្ញុំទាំងពីរសង្ឃឹមថា បងប្អូននឹងស្រលាញ់ចូលចិត្តនូវបទចំរៀងក៏ដូចជា Video មួយនេះ ដែលជាវីដេអូចម្រៀងចងក្រងពីសាច់រឿងពិត និងលាយឡំជាមួយអនុស្សាវរីយ៍ជាច្រេីន ដែលយេីងតស៊ូរួមគ្នាជិត៦ឆ្នាំមកនេះ។ រហូតមកដល់ពេលនេះ យេីងអាចដេីរដល់ចំនុចនេះ ហេីយយេីងនឹងរៀបការជាមួយគ្នានៅថ្ងៃទី ២៩.១១.២០១៩ ខាងមុខនេះផងដែរ។ ខុសត្រូវយ៉ាងណាសូមអភយ័ទោសផង ដោយក្តីគោរពពីខ្ញុំបាទ ថមមី នឹង វីសា»

លោក ថមមី បានបន្តថា «Tommy Ft Visa ដកស្រង់ចេញពីរឿងពិតនៃពួកយើង ដែលគេតែងនិយាយថា តារាស្រលាញ់គ្នាមិនដែលបានយូរទេ តែពួកយើងនឹងបង្ហាញអ្នករាល់គ្នាឲ្យឃើញញថា វាមិនមែនដូចអ្វីដែលអ្នករាល់គ្នានិយាយនោះទេ តារាៗក៏មានបេះដូងស្មោះដែរ»

គួរជម្រាបថា តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស កញ្ញា សួស វីហ្សា នឹងចូលរោងការជាមួយតារាប្រុសលោក ថមមី នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ បន្ទាប់ពីស្វែងយល់ចិត្តថ្លើមគ្នាអស់រយៈពេលជិត ៦ឆ្នាំ។ បណ្តាអ្នកគាំទ្របានជូនពរដល់តារាប្រុសស្រី ឲ្យស្រឡាញ់គ្នារហូត និងបន្តកាន់ដៃគ្នាប្រកបដោយសុភមង្គលផងដែរ៕