(កូឡាឡាំពួរ)៖ ការប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក MLBB World Championship 2019 ឬហៅកាត់ថា M1 បានរកឃើញក្រុមជើងឯកហើយ គឺក្រុម EVOS Legends បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីក្រុងកូឡាំឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីសប្ដាហ៍មុន។

ការប្រកួត M1 ត្រូវបានរៀបចំទ្រង់ទ្រាយធំ ដោយមានប្រាក់រង្វាន់សរុប ២៥០,០០០ដុល្លារ ដែលប្រជុំដោយក្រុមខ្លាំងៗជុំវិញពិភពលោកចូលរួម ក្នុងនោះក៏មានវត្តមានក្រុមកីឡាអេឡិចត្រូនិកម្ពុជាផងដែរ តែគួរឲ្យស្ដាយក្រុមកម្ពុជា ពុំទទួលបានលទ្ធផលល្អ ក្នុងព្រឹត្តិការណ៍ដ៏ធំលើកដំបូង ដែលរៀបចំដោយក្រុមហ៊ុន Shanghai Moonton Technology នេះឡើយ។

បន្ទាប់ពីការប្រកួតតាមពូលនីមួយៗ កាលពីដើមខែកន្លងទៅ គេបានរកឃើញក្រុមជើងខ្លាំង ៨ក្រុម ឡើងមកប្រកួតវគ្គបន្ដ នៅទីលាន Axiata Arena នាទីក្រុងកូឡាឡាំពួរ រួមមានក្រុម Rex Regum Qeon (RRQ) (ឥណ្ឌូណេស៊ី), ក្រុម EVOS Legends (ឥណ្ឌូណេស៊ី), ក្រុម VEC Fantasy Main (វៀតតណាម), ក្រុម Burmese Ghouls (មីយ៉ាន់ម៉ា), ក្រុម Axis Esports (ម៉ាឡេស៊ី), ក្រុម Todak (ម៉ាឡេស៊ី), ក្រុម Sunsparks (ហ្វីលីពីន) និងក្រុម 10second Gaming (ជប៉ុន)។

ជាលទ្ធផលក្រោយប្រកួតវគ្គ ៨ក្រុមចុងក្រោយដ៏ស្វិតស្វាញ ក្រុមខ្លាំងៗ ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រ សុទ្ធតែជាក្រុមឥណ្ឌូនេស៊ី គឺក្រុម RRQ និង EVOS Legends ប៉ុន្ដែលទ្ធផលចុងក្រោយ គឺក្រុម EVOS Legends បានក្លាយជាជើងឯកប្រចាំឆ្នាំ២០១៩ ដែលក្តោបបានទឹកប្រាក់រង្វាន់ ៨០,០០០ដុល្លារអាមេរិក និងមេដាយ ពានរង្វាន់ បន្ទាប់ពីយកឈ្នះមិត្តរួមជាតិ RRQ ដោយលទ្ធផល ៤-៣ ។

លោក Justin Yuan នាយកប្រតិបត្តិក្រុមហ៊ុន Shanghai Moonton Technolog បាននិយាយថា ការរៀបចំនេះ គោលដៅសំខាន់ គឺលោកចង់បណ្ដុះឆន្ទៈក្នុងវិស័យកីឡាអេឡិចត្រូនិក និង MLBB ឲ្យជុំជួបគ្នាក្នុងព្រឹត្តិការណ៍ពិភពលោក M1 ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺព្រឹត្តិការណ៍នេះ បានទទួលក្រុមខ្លាំងៗជាច្រើនចូលរួម ហើយលោករំពឹងថា វិស័យកីឡាមួយនេះ នឹងរីកចម្រើនកាន់តែខ្លាំងថែមទៀតនាថ្ងៃអនាគត ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ M1 បានជំរុញឲ្យមានការពង្រឹងសមត្ថភាពមួយកម្រិតទៀត ខណៈវិញ្ញាសា MLBB ក៏នឹងមានមុខប្រកួតផ្លូវការដណ្តើមយកមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ទី១១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខផងដែរ៕