(ភ្នំពេញ)៖ មហោស្រពភាពយន្តជាតិលើកទី៦ ត្រូវបានបើកសម្ពោធយ៉ាងអធឹកអធម នៅសាលមហោស្រពចតុមុខ កាលពីល្ងាចថ្ងៃទី២៥ វិច្ឆិកា ក្នុងឆ្នាំ២០១៩ ដោយមានវត្តមានផលិតករ និងសិល្បករ-សិល្បការិនី ជាច្រើនចូលរួម។ ក្នុងនោះមានភាពយន្តល្បីៗចំនួន១៨រឿង ត្រូវបានដាក់ឲ្យចូលរួម​ប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយនេះ ដើម្បី​ឲ្យស្នាដៃភាពយន្តខ្មែរ កាន់តែមានភាពល្បីល្បាញ ទាំងនៅលើឆាកជាតិ និងអន្តរជាតិ។​

អ្នកតំណាងកម្មវិធីបានថ្លែងប្រាប់ថា នៅក្នុងមហោស្រពឆ្នាំនេះ មានភាពយន្តខ្មែរ ដែលត្រូវបានជ្រើសរើស ឲ្យចូលរួមប្រកួតប្រជែងមានចំនួន១៨រឿង ដោយសុទ្ធតែភាពយន្ត ដែលទទួលបានការគាំទ្រច្រើន នាពេលកន្លងមក។ កម្មវិធីនេះក៏នឹងស្វែងរកភាពយន្ត ដែលល្អផ្ដាច់គេប្រចាំឆ្នាំ តួសម្ដែងឆ្នើម និងចំណាត់ថ្នាក់ជាច្រើនផ្សេងទៀត​ ដើម្បីលើកកម្ពស់ភាពយន្តខ្មែរ និងតារាសម្ដែងខ្មែរ។ ការប្រកាសលទ្ធផល នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ វិច្ឆិកា ខណៈដែលការវាយតម្លៃ ក៏មានការចូលរួមផ្ដល់ពិន្ទុពីសំណាក់ អ្នកជំនាញល្បីៗក្នុងស្រុក ផ្នែកផលិតភាពយន្ត។

កម្មវិធីនេះដែរ ក៏មានតារាសិល្បៈយ៉ាងច្រើនកុះករ ត្រូវបានអញ្ជើញឲ្យចូលរួម​ ដោយក្នុងនោះផលិតករបរទេស ក៏មានវត្តមានផងដែរ។ សិល្បករគ្រួសារតារាកម្ពុជា មិនតិចជាង២០នាក់នោះទេ បានបង្ហាញខ្លួនចូលរួម ជាមួយនឹងការរំលេចក្រមាខ្មែរ ជាអត្ថសញ្ញាណក្រុម។ សិល្បករម្នាក់ៗ ទទូចឲ្យមានការគាំទ្រភាពយន្តខ្មែរ មិនថាដាក់បង្ហាញក្នុងការប្រកួត មហោស្រពភាពយន្តនេះ មិនថាដាក់បញ្ចាំងនៅតាមរោងកុន។ មន្ត្រីអ្នកជំនាញក៏អះអាងថា មហោស្រពភាពយន្តឆ្នាំនេះ មានការផុលផុសជាងមុនៗ បើទោះជារឿងថ្មីៗ ចូលរួមប្រកួតប្រជែង មិនសូវមានច្រើនយ៉ាងណាក្ដី៕