(ភ្នំពេញ)៖ ថ្មីៗនេះ កញ្ញា វី ស្រីវីន Miss World Cambodia ២០១៩ បានបើកបង្ហាញឈុតតំណាងជាតិរបស់ខ្លួន ដែលមានឈ្មោះថា «ស្រីសុរិយេស្វរៈនាដ្យរាជធិតា» ដើម្បីប្រកួតក្នុងកម្មវិធី Miss World ២០១៩ នៅចក្រភពអង់គ្លេស នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២១៩ខាងមុខនេះ ខណៈដែលឈុតនេះត្រូវបានរចនាឡើង​ ដោយលោក ចាន់ សោភ័ន ជាសាស្រ្តចារ្យ​ប្រចាំសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ និងមានបង្កប់នូវអត្ថន័យជាច្រើន​ នៅក្នុងឈុតតំណាងជាតិមួយឈុតនេះ។ ​

ដោយយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ «Miss World Cambodia» បានឲ្យដឹងថា «អប្សរា ជាព្រលឹង​ដួងវិញ្ញាណស្ត្រី នៃពពក និងទឹក​ក្នុងជំនឿហិន្ទូ និងព្រះពុទ្ធសាសនា។ តាមអត្ថន័យនៃវចនានុក្រមខ្មែរ នៃសម្តេចព្រះសង្ឃរាជ ជួន ណាត បានប្រទាននូវអត្ថន័យថា អប្សរ នាមសព្ទ (សំ. អប្សរស, អប្សរា, បាលី អច្ឆរា មានន័យសំដៅស្រ្តីមានសម្បុរថ្លាស្រស់ ផូរផង់ ឬស្រ្តីមានមុខថ្លាស្រស់បំព្រង) ស្រ្តីសួគ៌។ មតិខ្លះនិយាយថា អប្សរាជាស្រីរបាំនៅឋានសួគ៌»

ផេកដដែលបានសរសេរបន្តថា «យោងតាមរឿងកូរសមុទ្រទឹកដោះ អប្សរា ជាវត្ថុទិព្វមួយក្នុងចំណោមវត្ថុទិព្វជាច្រើន ដែលកើតចេញពីការកូរសមុទ្រទឹកដោះ នៃពពួកទេវតា និងអសុរៈ។ អប្សរា ជានារីម្នាក់ដែលមានរូបឆោមលោមពណ៌ស្រស់ស្អាត ស្រស់ល្អរកផ្ទឹមពុំបាន។ អប្សរាជាផ្នែកដ៏សំខាន់មួយនៅក្នុងចំលាក់នានា តាមជញ្ជាំងប្រាសាទបុរាណខ្មែរ។ ចំលាក់នៅលើប្រាសាទខ្មែរ មានរូបស្ត្រីសួគ៌ពីរប្រភេទ នោះគឺរូបមួយបង្ហាញ ពីលក្ខណៈកំពុងតែរាំ ឬរៀបចំនឹងរាំ មានឈ្មោះថា អប្សរា និងមួយទៀតមានរូបភាពឈរ នៅនឹងថ្កល់មុខមើលទៅមុខ មានលក្ខណៈជាអ្នកការពារប្រាសាទ មានឈ្មោះថាជាទេពធិតា»

រូបចំលាក់អប្សរាមានច្រើនជាងគេបំផុត គឺនៅប្រាសាទអង្គរវត្ត ព្រោះអ្នកស្រាវជ្រាវបានរាប់ឃើញថា មានរូបអប្សរា​ប្រមាណជិត២០០០អង្គ នៅលើប្រាសាទ សវ.ទី១២នេះ ខ្លះឆ្លាក់លើសសរ ខ្លះលើជញ្ជាំង ខ្លះលើកំពូលប្រាសាទ។ ការសិក្សាមួយបានសន្និដ្ឋានថា ចម្លាក់អស់នេះ ផ្អែកលើជីវភាពពិតៗរបស់មនុស្សសម័យអង្គរ។ អប្សរាខ្លះយកដៃឱបអប្សរាផ្សេង រីឯអប្សរាមួយចំនួនទៀត បានបញ្ចេញនូវកាយវិកា​ផ្សេងៗពីគ្នាដ៏រស់រវើក ហាក់កំពុងតែមានជីវិតពិតៗ​។

ផេកខាងលើបន្ថែមថា «របាំអប្សរា ជារបាំបុរាណខ្មែរមួយដែលពិភពលោក កោតសរសើរស្ញប់ស្ញែងក្រៃលែង រហូតដល់គេបានប្រដូចថា ទេព្ដាជាអ្នកបង្កើត។ គ្រឿងតុបតែងខ្លួន លាយឡំនឹងក្បាច់រាំ ដែលពោរពេញទៅដោយអត្ថន័យ ដ៏គួរឱ្យកោតសរសើរ និងទឹកមុខញញឹមបង្កប់នូវភាពទន់ភ្លន់នៃនារីខ្មែរ របាំអប្សរាបានធ្វើឲ្យកម្ពុជាល្បីល្បាញ នៅទូទាំងសកលលោក។ ក្នុងចំណោមតួអង្គអប្សរាទាំងនេះ ក៏ត្រូវបានគេមានជំនឿថា មានអង្គខ្លះតំណាងឱ្យតួអង្គនៃព្រះរាជធិតា នៃមហារាជដែលជាអធិរាជ នៃអាណាចក្រដ៏មហិមានេះ ដែលធ្លាប់ជានាដនារីដ៏មហស្ចារ្យ ក្នុងដែនដីសុវណ្ណភូមិដ៏អច្ឆរិយៈនេះ។ ព្រះនាម «ស្រីសុរិយេស្វរៈនាដ្យរាជធិតា» ត្រូវបានឧប្បត្តិកឡើង ដើម្បី ឧទ្ទិសចំពោះដួងព្រះវិញ្ញាណក្ខន្ធ នៃព្រះបរមរាជធិតា នៃកម្រតេញអញជគតតរាជស្រីសុរិយេស្វរៈ ព្រះបរមវិស្ណុលោក គ្រប់ៗព្រះអង្គផងដែរ»

គួរបញ្ជាក់ថា ឈុតតំណាងជាតិ «Miss World Cambodia» ឈ្មោះថា «ស្រីសុរិយេស្វរៈនាដ្យរាជធិតា» ត្រូវបានសម្រិតសម្រាំងស្នាដៃដំឡើង​ឈុតតំណាងជាតិនេះ ​ដោយលោក សាស្រ្តចារ្យ ចាន់ សោភ័ន ជាសាស្រ្តចារ្យប្រចាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃមហាវិទ្យល័យសិល្បៈសូន្យរូប និងគ្រឿងអលង្ការ​ដ៏ស្រស់ស្អាត​៕