(ម៉ានីល)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា នឹងបន្ដជួបក្រុមជម្រើសជាតិ U22 ទីម័រខាងកកើត នាវេលាម៉ោង ៧យប់នេះ(ម៉ោងនៅកម្ពុជា) ក្នុងពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

នេះគឺជាប្រកួតទី២ ក្នុងពូល ហើយក៏ជាប្រកួតដ៏សំខាន់របស់ក្រុមគោព្រៃកម្ពុជាផងដែរ បន្ទាប់ពីប្រកួតបើកឆាកស្មើក្រុមម្ចាស់ផ្ទះ U22 ហ្វីលីពីន ១-១ កាលពីថ្ងៃច័ន្ទកន្លងទៅ។ ចំណែកក្រុម U22 ទីម័រខាងកើតវិញ ទើបជាប្រកួតដំបូងរបស់ពួកគេប៉ុណ្ណោះ។

គេចាំបានថា កាលពីស៊ីហ្គេម ឆ្នាំ២០១៧ នៅកូឡាឡាំពួរ ក្រុម U22 កម្ពុជា និង U22 ទីម័រខាងកើត ក៏ធ្លាប់បានជួបគ្នាក្នុងពូលដែរ តែលទ្ធផលកម្ពុជា បានចាញ់ទីម័រខាងកើត ១-០ ទាំងប្រផិតប្រផើយ ។ ដូច្នេះយប់នេះ ក៏ជាឱកាសមួយ សម្រាប់ក្រុមគោព្រៃកម្ពុជា ធ្វើការសងសឹកក្រុមកំពុងឡើងឈរនេះផងដែរ។

គួរបញ្ជាក់ថា នៅក្នុងពូល A បច្ចុប្បន្ន មាន ៤ក្រុម សុទ្ធតែកាន់ ១ពិន្ទុក្នុងដៃ រួមមានកម្ពុជា ហ្វីលីពីន ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា បន្ទាប់ពីប្រកួតបើកឆាកស្មើគ្នា លើកលែងទីម័រខាងកើត ដែលទើបប្រកួតថ្ងៃនេះ ។ ហើយថ្ងៃនេះដែរ មុនឈានដល់ការប្រកួតរបស់កម្ពុជា ក្រុមម្ចាស់ផ្ទះ U22 ហ្វីលីពីន ក៏ត្រូវប្រកួតទី២ ជាមួយមីយ៉ាន់ម៉ា នាវេលាម៉ោង ៣រសៀលនេះផងដែរ៕