(ម៉ានីល)៖ បន្ទាប់ពីផ្ទុះរឿងទទួលបដិសណ្ឋារកិច្ចមិនបានល្អ ចំពោះក្រុមបាល់ទាត់ U22 កាលពីថ្មីៗ ហ្វីលីពីនត្រូវបានប្រតិភូ និងអត្តពលិកបណ្ដាប្រទេសផ្សេងៗ​បន្ដរិះគន់ទៀតហើយ ទៅលើកង្វះភាពជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ បន្ទាប់ពីពួកគេបានសង្កេតឃើញមានបញ្ហា និងកង្វះខាតជាច្រើន។ ការរិះគន់នេះ គឺមុនពេលស៊ីហ្គេម នៅហ្វីលីពីន ត្រូវបើកការប្រកួតផ្លូវការនាថ្ងៃទី៣០-វិច្ឆិកា និងបិទនៅថ្ងៃទី១១-ធ្នូខាងមុខ។

តាមរយៈការជជែកគ្នារវាងប្រតិភូ និងកីឡាករ-កីឡាការិនីនៃបណ្ដាប្រទេសអាស៊ាន ដែលបានធ្វើដំណើរទៅដល់ហ្វីលីពីនជាបន្ដបន្ទាប់ ពួកគេបានសង្កេតឃើញ ស៊ីហ្គេម (SEA Games) នៅហ្វីលីពីនឆ្នាំនេះ មានការខ្វះខាតច្រើន រួមមានបញ្ហាទីលានប្រកួត មិនមានឧបករណ៍បម្រើបច្ចេកទេសគ្រប់គ្រាន់ និងខ្វះ score board ជាដើម។ មួយវិញទៀត បញ្ហាសន្តិសុខក៏មិនត្រូវបានរឹតបន្តឹង ខ្វះកិច្ចសហការ និងខ្វះកងកម្លាំងជាដើម។

បញ្ហាសំខាន់គឺ Games Information System គាំងលែងដំណើរការ។ កាតសម្គាល់ការប្រកួត (Games ID) មិនផ្តល់ឲ្យទាន់ពេលប្រកួត ហើយថែមទាំងប្រកួតខ្លះ ត្រូវប្រើលិខិតឆ្លងដែនជំនួស Games ID ទៅទៀត ដែលនេះគឺជាលើកដំបូងហើយ ដែលមានការប្រកួតប្រើលិខិតឆ្លងដែនបែបនេះ។ លើសពីនេះ សូម្បីការតុបតែងផ្សព្វផ្សាយមានតិចតួចបំផុតនៅព្រលានយន្តហោះ ធ្វើឲ្យអ្នកដំណើរមិនដឹងថាមាន SEA Games ផង គឺក្នុងយន្តហោះ PHILIPPINE AIRLINE មិននិយាយពី SEA Games សូម្បីមួយមាត់ឡើយ។

តាមរយៈការឆ្លើយឆ្លងរវាងប្រតិភូ ក៏ដូចជាកីឡាករជាភ្ញៀវ ក៏បានទម្លាយផងដែរថា ដោយសារមានបញ្ហាច្រើន ក្នុងការរៀបចំស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន សូម្បីក្រុមហ៊ុនផ្គត់ផ្គង់មួយចំនួនក៏រត់ចោលដែរ ព្រោះមិនមានលុយឲ្យ និងខ្វះអារហារចាំបាច់ ហើយមិនមានជម្រើសច្រើនដូច SEA Games មុនៗឡើយ។ មិនតែប៉ុណ្ណោះ ការដឹកជញ្ជូនក៏ខ្វះខាត ហើយទីលានប្រកួតខ្លះឆ្ងាយៗពីកន្លែងស្នាក់នៅ និងខ្សត់ព័ត៌មានគ្រប់យ៉ាង។

ផ្ទុយពីគោលការណ៍របស់ Games ផ្លូវការ ដែលកីឡាករ-កីឡាការិនី ត្រូវបានចាត់ទុកជាអាទិភាព ទទួលបានការថ្នាក់ថ្នម និងយកចិត្តទុកដាក់មុនគេ តែជាក់ស្ដែងនៅភូមិកីឡា គឺមិនមាន GYM ឬ Sauna និងកន្លែងកម្សាន្ដឡើយ ពិសេសសូម្បីទឹកក៏មិនមានដាក់តាមបន្ទប់ដែរ។ ជុំវិញបញ្ហាខាងលើ ត្រូវបានប្រតិភូ និងអត្តពលិក នៃបណ្ដាប្រទេសនីមួយៗបានដាក់ក្ដីបារម្ភ ចំពោះសមិទ្ធផលក្នុងការប្រកួតរបស់ពួកគេទៀតផង។

គួររំឭកថា កាលពីថ្ងៃទី២៣-វិច្ឆិកា ដែលជាថ្ងៃម្ចាស់ផ្ទះហ្វីលីពីន បើកទ្វារផ្ទះទទួលភ្ញៀវ ដោយទទួលក្រុមបាល់ទាត់មុនគេ ហ្វីលីពីនត្រូវបានមជ្ឈដ្ឋានទូទៅ សូម្បីព័ត៌មានក្នុងស្រុក ធ្វើការរិះគន់មិនតិចឡើយ អំពីការទទួលបដិសណ្ឋារកិច្ចមិនបានល្អ ដោយសារការធ្វើឲ្យក្រុមមួយចំនួន ដូចជាទីម័រខាងកើត មីយ៉ាន់ម៉ា ថៃ និងកម្ពុជាជាដើម ត្រូវរង់ចាំការដឹកជញ្ជូន ខ្វះខាតបន្ទប់ ហើយដឹកជញ្ជូនខុសគោលដៅថែមទៀតផង៕