(ក្រុងឡុងដ៍)៖ Tottenham Hotspur បានក្លាយជាក្រុមបាល់ទាត់ទី៣ របស់អង់គ្លេសដែលបានឈ្នះកៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០១៩-២០២០ បន្ទាប់ពី Manchester City និង Liverpool។

៣ពិន្ទុបន្ថែមនៅកីឡដ្ឋាន Tottenham Hotspur នាយប់មិញនេះក្នុងលទ្ធផល ៤-២ ទៅលើក្រុមរបស់ក្រិក Olympiakos ធ្វើឲ្យក្រុមដែលកំពុងដឹកនាំដោយអ្នកចាត់ការទូទៅ Jose Mourinho មាន ១០ពិន្ទុក្នុងប្រកួតទី៥ ឈរនៅលេខ២ បណ្តោះអាសន្នប្រចាំពូល B ដោយមាន Bayern Munich របស់អាល្លឹម៉ង់ឈរនៅលេខ១ មាន ១៥ពិន្ទុ បន្ទាប់ពីបំបាក់ម្ចាស់ផ្ទះ FK Crvena Zvezda ក្នុងលទ្ធផល ៦-០ នារាត្រីថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកាដូចគ្នា។

៤គ្រាប់របស់ Spurs បានកើតឡើងពីការស៊ុតបញ្ចូលទីរបស់កីឡាករ Dele Alli, Harry Kane ២គ្រាប់ និង Aurier ១គ្រាប់ផងដែរ ដែលជាគ្រាប់បាល់វាយបកនៅពេលកីឡាករ Olympiakos ស៊ុតនាំមុខ ២គ្រាប់តាំងពីដើមវគ្គទី១ មកម្ល៉េះ បានក្លាយជាជ័យជម្នះទី២ ស្ថិតក្រោមការដឹកនាំបាន ២ប្រកួតផងដែររបស់លោក Jose Mourinho ក្រោមកិច្ចសន្យារយៈពេល ៤ឆ្នាំ។

Spurs នៅសល់ ១ប្រកួតបង្រ្គប់កិច្ចទល់នឹងក្រុមម្ចាស់ផ្ទះ Bayern Munich នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ជាក្រុមដែលពួកគេធ្លាប់ចាញ់ ៧-២ កាលពីជើងទី១ នៅទឹកដីអង់គ្លេសក្នុងវគ្គសន្សំពិន្ទុប្រចាំពូល B នេះ៕