(ចិន)៖ កម្មវិធីពិសេសថ្មីប្លែកមួយ ដែលជាពិធីបុណ្យអាចឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងមហាជនទាំងអស់អាចរីករាយ ​និងទទួលទានជាមួយនឹងមុខម្ហូបតាមបែបប្រទេសជប៉ុនម្យ៉ាង ដែលគេស្គាល់ និងតែងហៅថា ស៊ុបស៊ុគីយ៉ាគីណាបី។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN កាលពីថ្ងៃទី២៥ វិច្ឆិកា ២០១៩កន្លងទៅ។

កម្មវិធីនេះត្រូវបានប្រារព្វឡើងនៅឯទីក្រុងតូក្យូរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២២ និងថ្ងៃ២៤វិច្ឆិកា។ លើសពីនេះទៅទៀត​ ពិធីបុណ្យនេះ​ក៏ទទួលបានការចូលរួមក្នុងការបង្ហាញនូវថ្វីដៃ និងរសជាតិមុខម្ហូបពិសេសៗប្រចាំហាងនីមួយៗ ពីសំណាក់តំណាងនៃភោជនីយដ្ឋានទូទាំងប្រទេសជប៉ុនប្រមាណ ៦០ កន្លែងផ្សេងៗគ្នា ដោយការប្រព្រឹត្តកម្មវិធីរយៈពេលពីរថ្ងៃនេះ ទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ។

តាមប្រភពពីអ្នករៀបចំកម្មវិធីដដែលនេះ បានបង្ហើបឱ្យដឹងថា ចំពោះមុខម្ហូបដែលមានការទទួលស្គាល់ខ្ពស់ទាំងគុណភាព និងរសជាតិពីអតិថិជននោះ សំទុះ​នៃការលក់ចេញកើនឡើងរហូតដល់ចំនួន ២០០០ ឈុតឯណោះក្នុងមួយថ្ងៃ បូករួមនឹងការប៉ាន់ប្រមាណមើលនៃការចូលរួមពីសំណាក់មហាជន ក្នុងព្រឹត្តិការណ៌នោះប្រមាណ ២៥០ ០០០នាក់ ដែលបង្កើតឱ្យមានការរំពឹងទុកយ៉ាងខ្លាំងខ្លា ចំពោះអត្រាការលក់ចេញអាចនឹងកើនរហូតដល់ ១០០លានយ៉េនឯណោះ ដែលមានតម្លៃស្មើរនឹង ៩១៩,៤០០ដុល្លារសហរដ្ឋអាមេរិក៕