(ភ្នំពេញ)៖ ប្រតិភូ និងអត្តពលិកកម្ពុជា ៣ប្រភេទកីឡាកាលពីវេលាម៉ោង ១២៖៤៥នាទីយប់ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកានេះ បានបន្ដចាកចេញពីមាតុភូមិ ឆ្ពោះទៅប្រទេសហ្វីលីពីន ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ដែលគ្រោងប្រារព្ធពិធីបើកការប្រកួតនៅថ្ងៃទី៣០ ខែវិច្ឆិកា និងបិទនាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

បេសកកម្មនេះ ដឹកនាំដោយលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជានាយបេសកកម្មស៊ីហ្គេមរបស់កម្ពុជា អមជាមួយគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ៣ប្រភេទកីឡា រួមមានកីឡាកាយសម្ព័ន្ធ កីឡាទូកក្ដោង និងកីឡាបាល់ទះលើឆ្នេរខ្សាច់ ដែលគ្រោងចាប់ផ្ដើមការប្រកួត នៅថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខ ។

លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា មកទល់ពេលនេះ ប្រតិភូ និងអត្តពលិកកម្ពុជា បានត្រៀមខ្លួនរួចរាល់ ដើម្បីប្រកួតប្រជែងក្នុងស៊ីហ្គេម និងដណ្ដើមកិត្តិយសជូនជាតិ ។ ទោះបីមានបញ្ហាខ្លះៗ បានកើតឡើងមុនពិធីបើកការប្រកួតក្ដី តែក្នុងនាមនាយបេសកកម្ម លោកបានប្ដេជ្ញានឹងខិតខំធ្វើយ៉ាងណា ដើម្បីផ្ដល់ភាពកក់ក្ដៅជូនអត្តពលិកកម្ពុជា តាមការចង្អុលបង្ហាញរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានប្រតិភូ ពិសេសអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។

នាយបេសកកម្មដដែល បានបញ្ជាក់ថា «ក្នុងនាមប្រតិភូ និងអត្តពលិកទាំងអស់ នឹងខំប្រឹងត្រង់ត្រាប និងក្ដាប់ជាប់នូវអនុសាសន៍ដ៏ខ្ពងខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី គឺរក្សាឲ្យបាននូវភាពថ្លៃថ្នូ រក្សាកិត្តិយសជាតិ ក្នុងពេលប្រកួតឲ្យបានល្អប្រសើរ ហើយធ្វើយ៉ាងណាជំរុញសាមគ្គីភាពផ្ទៃក្នុង ពង្រឹងសមត្ថភាព គោរពបទបញ្ជាការប្រកួត និងចៀសវាងដាច់ខាតការប្រើសារធាតុឌូពីង ឬសារធាតុលើកកម្លាំងនានា ដើម្បីប្រឹងប្រែងដណ្ដើមមេដាយ និងកិត្តិយសជូនជាតិរបស់យើង»

ចំពោះសន្ទស្សន៍មេដាយស៊ីហ្គេមឆ្នាំនេះវិញ ត្រូវបានលោកអះអាងថា កម្ពុជាសង្ឃឹមអាចនឹងរកបានមេដាយច្រើនជាងស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី បន្ទាប់ពីកម្ពុជាចម្រាញ់កីឡាមានសក្ដានុពល និងបង្កើនកីឡាករ-កីឡាការិនីច្រើនទៅចូលរួម ។ លោកថា «បើតាមការចង្អុលបង្ហាញ និងការដាក់សន្ទស្សន៍មេដាយ ដែលយើងចង់បាន គឺធ្វើយ៉ាងម៉េចឲ្យបានលើសពីការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅកូឡាឡាំពួរ ។ យើងជឿជាក់ ទៅលើកនេះ មានគ្នាច្រើន និងមានកីឡាមានសក្ដានុពលមួយចំនួន ដែលយើងអាចដណ្ដើមមេដាយច្រើនជាងនៅម៉ាឡេស៊ី ពិសេសយើងកំណត់យកមេដាយមាសតែម្ដង»

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកានេះ កម្ពុជាមានអត្តពលិក ៥ប្រភេទកីឡាហើយ ដែលបានធ្វើដំណើរទៅដល់ហ្វីលីពីន ខណៈមានមួយប្រភេទ បាននឹងកំពុងដំណើរការប្រកួត គឺក្រុមបាល់ទាត់ជម្រើសជាតិ U22 កម្ពុជា ។ ចំណែក ៤ប្រភេទទៀត រួមមានកីឡាកាយសម្ព័ន្ធ កីឡាទូកក្ដោង កីឡាបាល់ទះឆ្នេរខ្សាច់ និងកីឡាគុនល្បុក្កតោ ។ រីឯប្រភេទកីឡាជាច្រើនទៀត នឹងចាកចេញពីមាតុភូមិជាបន្ដបន្ទាប់ ពិសេសនៅយប់ថ្ងៃទី២៨ ខែវិច្ឆិកាស្អែកនេះ នឹងមានអត្តពលិកចំនួន ៩ប្រភេទកីឡា នឹងបន្ដធ្វើដំណើរទៅហ្វីលីពីនទៀត៕