(ភ្នំពេញ)៖ ផលិតករល្បីឈ្មោះ​ លោក លៀក លីដា បានថ្លែងអះអាងថា ​ក្រោយរឿង «នាឡិកាដាស់វិញ្ញាណ» ​ចាក់បញ្ចាំងចប់រួចរាល់ នៅ​ក្នុងប្រទេសថៃ និងឡាវ ជាពិសេសនៅតាមបណ្ដាប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍ លោកសង្ឃឹមយ៉ាងមុតមាំថា ភាពយន្តខ្មែរ នឹងកាន់តែមានទីផ្សារទូលំទូលាយជាងមុន ហើយនឹងមានផលិតករខ្មែរជាច្រើនទៀត បង្ហាញស្នាដៃជាបន្តបន្ទាប់លើ​ទីផ្សារអន្តរជាតិ។

​ចាងហ្វាងផលិតកម្ម LD Picture រូបនេះ បានបន្ថែមឱ្យ​ដឹងថា ស្នាដៃដំបូងរបស់ខ្លួន ​ដែលចំណាយទុនផលិតមិនធ្លាប់មាន នឹងក្លាយជាស្នាដៃមួយបើកផ្លូវ សម្រាប់ភាពយន្តខ្មែរ ធ្វើឲ្យបរទេសទទួលស្គាល់ ពីការផលិតភាពយន្តខ្មែរ នាពេលបច្ចុប្បន្ន។ ​«យើងមិនសូវរំពឹងថា នឹងទទួលបានជោគជ័យខ្លាំងទេ សម្រាប់ស្នាដៃមួយនេះ។ តែយើងសង្ឃឹមថា នេះជាស្នាដៃមួយធ្វើឲ្យបរទេសទទួលស្គាល់ថា យើងពិតជាមានសមត្ថភាព ផលិតរឿងប្រកបដោយស្តង់ដារ មិនចាញ់ពួកគេនោះទេ»

ដោយឡែក ក្រឡេកមើលក្នុងផេក Major Group នៅប្រទេស​ថៃណោះវិញ គ្រាន់តែផុសរូបភាពមួយសន្លឹក ដោយភ្ជាប់អត្តន័យនៃសាច់រឿងនេះ គឺទទួលការកោតសរសើរ និងមានអ្នកចែករំលែករាប់ពាន់នាក់ ជាបន្តបន្ទាប់ក្នុងប្រទេស​ថៃ។ នេះគឺជាសញ្ញាមួយបញ្ជាក់ពីកម្រិតគុណភាព ភាពយន្តរបស់ខ្មែរដែលអាចចូលទីផ្សារអន្តរជាតិ ដោយមានការទទួលស្គាល់ព្រមទាំងឱ្យតម្លៃ ពីសំណាក់ប្រទេសជិតខាត។

ខណៈកំពុងទទួលការគាំទ្រ ​ពីទស្សនិកជនក្នុងប្រទេស​កម្ពុជា ភាពយន្តកម្រិតស្តង់ដាររឿង «នាឡិកាដាស់វិញ្ញាណ» របស់ផលិតកម្ម LD Picture ផ្ដើមបញ្ចេញថ្ងៃបញ្ចាំងច្បាស់លាស់​ហើយ នៅប្រទេស​ថៃ និងឡាវ ដោយចាប់ផ្ដើមពីថ្ងៃ ២៦ ខែ​ធ្នូ ចុងឆ្នាំ២០១៩នេះតទៅ។

​កំពុងបញ្ចាំងតាមរោងភាពយន្តនានា ក្នុងប្រទេស​កម្ពុជា បានទទួលការសាទរ និងគាំទ្រជាខ្លាំងពីទស្សនិកជនទាំងសាច់រឿង និងការសម្ដែងរបស់តួអង្គនីមួយៗ។ ក្នុងនោះអ្នកគាំទ្រជាច្រើន បានបញ្ចេញទស្សនៈផ្សេងៗគ្នា ដោយលើកសរសើរថា នេះគឺជាភាពយន្តមួយប្រកបដោយស្តង់ដារ និងមានគុណភាពធ្វើឲ្យអ្នកទស្សនាពេញចិត្ត​។​

ក្រៅតែពីការកំណត់ថ្ងៃ​ច្បាស់លាស់ ការបញ្ចាំងនៅថៃ និងឡាវ រឿង «នាឡិកាដាស់វិញ្ញាណ» ក៏ត្រៀមបង្ហាញកាលបរិច្ឆេទបញ្ចាំង នៅប្រទេសផ្សេងៗទៀតដូចជា ភូមា វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីជាដើម ក្នុងពេលឆាប់ៗខាងមុខនេះ៕