(ភ្នំពេញ)៖ លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ក្រៅពីចូលរួមផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍ នៃតំបន់ឆ្នេរកម្ពុជា ក៏នឹងរួមចំណែកផលិតធនធានមនុស្ស សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាទៀតផង។

លោកបានលើកឡើងបែបនេះ ក្នុងសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេស ស្ដីពីវឌ្ឍនភាពការងារឆ្ពោះទៅការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ នៅល្ងាចថ្ងៃពុធនេះ ខណៈការប្រកួតគ្រោងរៀបចំនាថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០២០ ដោយត្រូវប្រណាំងកាត់ខេត្ដ៤ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប។ សិក្ខាសាលានេះ មានការចូលរួមពីអ្នកជំនាញតំណាងគ្រប់អនុគណៈកម្មការ ដើម្បីផ្លាស់ប្ដូរមតិយោបល់គ្នា។

លោក នី ផល្លី បានគូបញ្ជាក់ថា ក្រោយមានការចុះវាយតម្លៃពីមន្ដ្រីជំនាញរបស់សហព័ន្ធកីឡាទោចក្រយានអន្ដរជាតិ(UCI) គេពិនិត្យឃើញថា ការងារបដិសណ្ឋារកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងការងារមួយចំនួនធំ គឺពុំមានបញ្ហាចោទនោះទេ ។ លើកលែងតែការងារបច្ចេកទេស ដែលកម្ពុជាត្រូវបំពេញបន្ថែម ពិសេសអ្នកវាយតម្លៃ និងដាក់ពិន្ទុ ។ ប៉ុន្ដែការងារនេះ ក្រសួងទេសចរណ៍ បាននឹងកំពុងធ្វើការជាមួយសហព័ន្ធកីឡាទោចក្រយានកម្ពុជា ដើម្បីបើកវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស ដោយយកព្រឹត្តិការណ៍នេះជាការអនុវត្តផ្ទាល់ ។

លោកថា «ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមរដ្ឋមន្ដ្រី យើងកំពុងសហការជាមួយសហព័ន្ធកីឡាទោចក្រយានកម្ពុជា យើងនឹងរៀបចំវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសកម្ពុជា ដើម្បីទទួលបានសញ្ញាបត្រទទួលស្គាល់ដោយ UCI ដែលវគ្គនេះ រៀនទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ ហើយការអនុវត្តន៍យើងនឹងយកព្រឹត្តិការណ៍នេះ ជាពេលវេលាសម្រាប់អនុវត្ដ ។ អញ្ចឹងពីពេលនេះ រហូតដល់មុនឆ្នាំ២០២៣ យើងសង្ឃឹមថា យើងនឹងមានធនធានគ្រប់គ្រាន់ ដើម្បីអាចរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកីឡាទោចក្រយាននេះ»

អនុរដ្ឋលេខាធិការដដែល បានសង្កត់ធ្ងន់ថា «ក្រៅពីការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍របស់តំបន់ឆ្នេរកម្ពុជា ក្រៅពីការលើកស្ទួយវិស័យកីឡាទោចក្រយានកម្ពុជា ក៏យើងមានផលិតនូវធនធានមនុស្សកាន់តែច្រើនផងដែរ ។ ធនធានមនុស្ស គឺយើងមាន ២ ទី១-ធនធានមនុស្សក្នុងផ្នែកជំនាញ និងទី២-ធនធានមនុស្សក្នុងផ្នែកទទួលបដិសណ្ឋារកិច្ច និងការរៀបចំព្រឹត្តិការណ៍កម្រិតពិភពលោក ដែលនឹងទទួលបានពីការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ពិភពលោកលើកដំបូងនេះ»

បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំបច្ចេកទេសនេះ លោកបានធ្វើការវាយតម្លៃខ្ពស់ ព្រោះកិច្ចប្រជុំនេះ បានជំរុញឲ្យអនុគណៈកម្មការបានដឹងអំពីតួនាទីភារកិច្ចនៅសេសសល់ ដែលត្រូវបំពេញ មុនការរៀបចំព្រឹត្តិការណ៍នេះ ។ បន្ទាប់មកទៀត គណៈកម្មការ ក៏នឹងមានរៀបចំកិច្ចប្រជុំ និងសិក្ខាសាលាផ្សេងៗ ដើម្បីបញ្ជ្រាបការដឹងដល់គ្រប់ភាគីពាក់ព័ន្ធ សម្រាប់ត្រៀមចូលរួម និងឆ្ពោះទៅរកភាពជោគជ័យទាំងអស់ផងដែរ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ដែលធ្វើឡើងនាដើមឆ្នាំ២០២០ នឹងបែងចែកជា ៣ដំណាក់កាល ទី១៖ ប្រណាំងថ្ងៃទី០៤ ចេញពីតារាសាគរ ឆ្ពោះទៅទីរួមខេត្តកោះកុង, ទី២៖ ប្រណាំងថ្ងៃទី០៥ ចេញពីរង្វង់មូលសាយភូថង ឆ្ពោះទៅភ្នំបូកគោ ដោយឆ្លងកាត់ស្រុកព្រៃនប់ និងទី៣៖ ប្រណាំងថ្ងៃទី០៦ ចេញពីជើងភ្នំបូកគោក ឆ្ពោះទៅខេត្តកែប ។ ព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងយ៉ាងហោចមាន ២០ក្រុមមកពី ១៥ប្រទេសគ្រប់ទ្វីបចូលរួម ស្មើនឹងកីឡាករ-កីឡាការិនីប្រមាណ ២០០នាក់ ដែលសុទ្ធតែជាអ្នកជិះកង់កម្រិតអាជីព៕