(ភ្នំពេញ)៖ បើនិយាយពីឈ្មោះកញ្ញា មាន សូនីតា នរណាក៏ស្គាល់ដែរ ព្រោះតារាស្រីរូបនេះមានប្រជាប្រិយភាពយ៉ាងខ្លាំង ទាំងការងារសិល្បៈ និងមុខជំនួញ។ ដោយសារតែស្រឡាញ់ចូលចិត្តផលិតផលខ្មែរ កញ្ញា បានបើកហាង «ផ្ទះស្រឡាញ់» ដែលមានដាក់លក់សម្លៀកបំពាក់ធ្វើពីក្រមា រហូតត្រូវបានមហាជនរហស្សនាមឲ្យថា «រាជនីក្រមា»។ យ៉ាងណាមិញ ថ្មីៗនេះកញ្ញា បានសម្រេចបំណងដ៏ធំមួយក្នុងជីវិត គឺបានចូលគាល់ព្រះមហាក្សត្រ និងព្រះវររាជមាតា នៅព្រះបរមរាជវាំង។

កញ្ញា មាន សូនីតា បានបង្ហាញពីគោលបំណងរបស់ខ្លួនតាមរយៈវីដេអូក្នុងបណ្តាញសង្គមថា ការចូលគាល់ព្រះមហាក្សត្រ និងព្រះវររាជមាតា នៅព្រះរាជវាំង «ប្រាសាទខេមរិន្ទ» គឺដើម្បីយកក្រមាខ្មែរពីផ្ទះស្រឡាញ់ ចំនួន២ពាន់ក្រមា ថ្វាយព្រះមហាក្សត្រ។

កញ្ញា បន្ថែមថា នេះជាលើកទី១ហើយក្នុងឆាកជីវិត ដែលបានចូលគាល់ព្រះមហាក្សត្រ និងព្រះវររាជមាតាផ្ទាល់ ហើយកញ្ញា ពិតជារំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ស្ទើរតែរកពាក្យអ្វីនិយាយមិនចេញ។

សកម្មភាពរបស់កញ្ញាមាស សូនីតា នៅពេលនេះកំពុងធ្វើឲ្យមហាជនជាច្រើនកោតសរសើរ ពីកាយវិការសុភាពរាបសារ ទន់ភ្លន់របស់នាង ស័ក្តសមនាមជានារីខ្មែរ៕