(ភ្នំពេញ)៖ តារាសម្ដែង និងជាអតីតបវរកញ្ញាឯកកម្ពុជា «Miss Grand Cambodia» ២០១៧ កញ្ញា ខ្លឹម ស្រីគា នៅចុងឆ្នាំ២០១៩នេះ រាសីរបស់នាងហាក់កំពុងតែឡើងស្រឺតៗ គួរឲ្យកត់សម្គាល់ បន្ទាប់ពីការងារបង្ហាញម៉ូដ មមាញឹកហើយនោះ នាងទទួលបាននូវតំណែងជាតួឯកក្នុងរឿងភាគ និងរឿងខ្នាតធំ ជាបន្តបន្ទាប់។ ជាក់ស្ដែងថ្មីៗនេះ នាងក្រសោបបានតំណែងតួឯកស្រី មួយរឿងទៀតហើយ មានចំណងជើងថា «ចំណាប់ខ្មាំង​របាំងស្នេហ៍» របស់ផលិតកម្ម B&S Good Day ខណៈដែលផ្ទៃរឿងភាគច្រើន បានបង្ហាញអំពីជនជាតិភាគតិចព្នង រស់នៅក្នុងខេត្តមណ្ឌលគិរី និងបង្ហាញពីសក្កដានុពល នៃតំបន់ទេសចរណ៍ក្នុងខេត្តនោះផងដែរ។

លោក ប៊ុន ស៊ា ម្ចាស់ផលិតកម្ម B&S Good Day បានថ្លែងអះអាងថា ភាពយន្តភាគរឿង «ចំណាប់ខ្មាំង​របាំងស្នេហ៍» ជាភាពយន្តភាគថ្មី ដែលលោកបានចាប់ដៃ ជាមួយផលិតកម្ម «ចក្រវាឡពេជ្រភាពយន្ត» ផលិតឲ្យប៉ុស្តិ៍លេខ៥។ ភាពយន្តនេះជាង៧០ភាគរយ នៃសាច់រឿង គឺថតនៅខេត្តមណ្ឌលគិរី ដោយសារសាច់រឿង និយាយពាក់ព័ន្ធនឹងជនជាតិព្នង និងដើម្បីរំលេចទេសភាពស្អាតៗ ផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅតំបន់នោះ​។

លោកបន្តថា គម្រោងចំណាយទាំងស្រុង អាចឈានដល់១០ម៉ឺនដុល្លារ ដើម្បីឲ្យសាច់រឿង ទាំងមូលមានគុណភាពគ្រប់គ្រាន់។ នេះក៏ជារឿងដែលនិយាយពីការសងសឹក ចាប់ខ្លួនមនុស្សដែលខ្លួនចងគំនុំ ប៉ុន្តែចុងក្រោយ បែរ​ក្លាយទៅជាស្នេហា។ លោកនឹងសម្រុកថតភាពយន្តនេះ ឲ្យចប់នៅអំឡុងខែ៣ឆ្នាំ២០២០ ហើយនឹងចាក់បណ្ដើរៗ​ នៅអំឡុងខែ៤ លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥។

តួឯកស្រីក្នុងរឿង «ចំណាប់ខ្មាំង​របាំងស្នេហ៍» កញ្ញា ខ្លឹម ស្រីគា ​បានថ្លែងបញ្ជាក់ថា នាងសប្បាយចិត្ត ដែលបានសម្ដែង ជាតួអ្នកមានរស់ក្នុងទីក្រុងឡូយឆាយ ហើយត្រូវតួប្រុស ដែលពោរពេញដោយគំនុំ ចាប់យកទៅធ្វើបាប ដែលអាចឲ្យនាងពិបាកសម្ដែង។ នាងប្រកាសថា នឹងប្រឹងសម្ដែង ថ្វីដ្បិតតួអង្គប្រុស គឺលោក ចន សាក់ ជាតារាម៉ូដែល ដែលនាងមិនធ្លាប់សម្ដែង ជាមួយទាល់តែសោះ។

សូមបញ្ជាក់ថា ភាពយន្តភាគរឿង ​«ចំណាប់ខ្មាំង​របាំងស្នេហ៍» មានចំនួន៤០ភាគ ដោយបានធ្វើពិធីក្រុងពាលី​ចេញថត កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ តាមគម្រោងរឿងនេះ នឹងត្រូវបញ្ចាំង នៅក្នុងអំឡុងខែមេសា ឆ្នាំ២០២០ នៅលើកញ្ចក់ទូរទស្សន៍ ប៉ុស្ដិ៍លេខ៥៕