(ភ្នំពេញ)៖ ដើម្បីវប្បធម៌ខ្មែរ ក្រុមការងារល្ខោនខោល និងអ្នករៀបចំព្រឹត្តិការណ៍ «រាត្រីចងចាំ» ពិតជាមិនខ្លាចឡើយ ពាក្យថានឿយហត់ គឺខំហាត់សមទាំងយប់ថ្ងៃ និងរៀបចំឲ្យកាន់តែល្អ អស់ពីកំលាំងកាយចិត្ត សម្រាប់ត្រៀមសម្តែងចែកជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានទស្សនា។

ព្រឹត្តិការណ៍ «រាត្រីចងចាំ» ត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ​ ចាប់ពីវេលាម៉ោង ៦៖០០ល្ងាចតទៅ។ ព្រឹត្តិ​ការណ៍ «រាត្រីចងចាំ» ធ្វើឡើងនៅ​ទីលាន​ជល់​ដំរី នៃ​ក្រុង​សៀម​រាប​ ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ល្ខោន​ខោល​កម្ពុជា​ ចូល​ជា​សម្បត្តិ​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​។

លោក​ស្រី ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ បាន​មាន​ប្រសាសន៍​ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ព្រឹត្តិ​ការណ៍​សិល្បៈ​នេះ គឺ​មាន​ការ​សម្តែង​ល្ខោន​ខោលទ្រង់ទ្រាយធំ និង​មាន​គោល​ដៅ​ចង់​ឲ្យ​សាធារណ​ជន​ជាតិ និងអន្តរ​ជាតិ បាន​ឃើញ បានស្គាល់​កាន់​តែ​ច្បាស់​អំពី​កិត្យា​នុភាព​នៃ​វប្បធម៌​ជាតិ​ខ្មែរ ខណៈ​ដែល​ល្ខោន​ខោល​ខ្មែរ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គ​ការ UNESCO អស់​រយៈ​ពេល​១ឆ្នាំ​មកហើយ​។

សូមសាធារណៈជនជាតិ និងអន្តរជាតិ ចូលរួមទស្សនាដោយសេរី ជាមួយនឹងការសម្តែងទស្សនីយភាពដ៏អស្ចារ្យរបស់ខ្មែរ នៅទឹកដីសៀមរាបអង្គរនៅថ្ងៃនេះ ចាប់ពីវេលាម៉ោង ៦៖០០ តទៅ៕