(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់វ័យចាស់ អបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤១ ឆ្នាំ២០២០ បានកំណត់កាលបរិច្ឆេទរៀបចំ និងក្រុមចូលរួមប្រកួតរួចហើយ ជាមួយការពង្រីកព្រឹត្តិការណ៍នេះកាន់តែធំ ដើម្បីឆ្លើយតបនឹងការវិវត្តន៍ និងភាពរីកចម្រើនរបស់កម្ពុជាបច្ចុប្បន្ន។ នេះបើតាមការថ្លែងឲ្យដឹងរបស់លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ថ្លែងក្នុងសន្និសីទ និងពិធីចាប់ពូលនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នារសៀលថ្ងៃព្រហស្បតិ៍នេះ លោក ជុំ កុសល បញ្ជាក់ថា ពានវ័យចាស់ឆ្នាំនេះមាន ៩ក្រុមចូលរួម ហើយគ្រោងប្រកួតជាង ១ខែ ចាប់ពីថ្ងៃទី០២-ធ្នូ រហូតដល់ថ្ងៃទី០៧-មករា ឆ្នាំ២០២០។ លោកថា នេះគឺជាការវិវត្តន៍ថ្មី ដែលក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព និងដៃគូសហការ បានពង្រីកព្រឹត្តិការណ៍ឲ្យធំ ស្របតាមកំណើនសេដ្ឋកិច្ចជាតិ និងភាពរីកចម្រើនរបស់ប្រទេសជាតិ ក៏ដូចជាបំផុសសកម្មភាពលេងកីឡាផងដែរ។

លោកបន្ដថា «បើយើងក្រឡេកមើលដំណើរការអភិវឌ្ឍន៍របស់ប្រទេសយើងកាន់តែអភិវឌ្ឍន៍ អញ្ចឹងតាំងពីសេដ្ឋកិច្ចជាតិ តាំងកម្រិតរស់នៅរបស់ប្រជាពលរដ្ឋ ក៏កាន់តែមានការវិវត្តន៍។ ដូច្នេះការរៀបចំពានរង្វាន់របស់យើង ក៏ត្រូវធ្វើយ៉ាងម៉េច ដើម្បីពង្រីកខ្លួនទៅតាមហ្នឹងដែរ មានន័យថា យើងធ្វើពីតូចល្មមដល់ធំ ឥឡូវកាន់តែធំ ដើម្បីឲ្យស្របតាមការវិវត្តន៍សម័យកាលរបស់ជាតិ ហើយការរៀបចំរបស់យើងឆ្នាំនេះ គឺមានវិសាលភាពធំជាងរាល់ឆ្នាំ ដោយមានរហូតដល់ ៩ក្រុមចូលរួម»

តាមរយៈការរៀបចំនេះដែរ លោករំពឹងនឹងរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាជាតិ ដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។ លោកថា «ការរៀបចំមានអត្ថន័យសំខាន់ គឺយើងរៀបចំអបអរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤១ ផង យើងជួយជំរុញវិស័យកីឡាបាល់ទាត់ផង។ កត្ដាសំខាន់មួយទៀត គឺខ្ញុំចង់ប្រមូលផ្ដុំ និងជួបជុំគ្នាសប្បាយក្រោមម្លប់សន្ដិភាព តាមរយៈកីឡា។ ខ្ញុំគិតថា ក្មេងៗគាត់ឃើញចាស់ៗលេង គាត់ក៏មានទឹកចិត្តលេងដែរ ដល់ចឹងក្ដីរំពឹងលើស៊ីហ្គេម ឆ្នាំ២០២៣ គឺពឹងលើក្មេងៗ ឯចាស់ៗលេងជាការជំរុញទឹកចិត្តគាត់ផង និងប្រយោជន៍សុខភាពផងប៉ុណ្ណោះ»

ក្រឡេកមកមើលសមាសភាពក្រុមចូលរួម និងលទ្ធផលចាប់ពូលថ្ងៃនេះវិញ រួមមានពូល A ក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្ដិភាព, ក្រុមពួកម៉ាកយូណាយធីត, ក្រុមស.ស.យ.ក ខេត្តព្រៃវែង និងក្រុម 7NG។ រីឯពូល B រួមមានក្រុមមហាហ្ស, ក្រុម 7 CLEAN LAUNDRY, ក្រុម Master FC, ក្រុមមេធាវី-រ៉ូយ៉ាល់ និងក្រុម SCS FT។ ចំពោះការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី០២-ធ្នូ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ដោយធ្វើនៅកីឡដ្ឋានវេស្ទើនតែមួយគត់៕