(ស្តាណា)៖ ក្រុមបាល់ទាត់របស់អង់គ្លេសរួមមាន Manchester United និងកាំភ្លើងធំ Arsenal សុទ្ធតែបានឡើងវគ្គ ៣២ក្រុមក្រោយដូចគ្នា បើទោះបីរងបរាជ័យយប់មិញនេះក្នុងប្រកួតទី៥ ជើងទី២ នៅ Europa League រដូវកាលឆ្នាំ២០១៩-២០២០ ដូចគ្នាក៏ដោយ។

ក្រុមលោក Ole រកបាន ១០ពិន្ទុ ក្រោយឆ្លងកាត់ ៥ប្រកួត ក្នុងនោះឈ្នះ ៣ដង ស្មើ១ និងចាញ់១ ដោយត្រូវបន្តការប្រជែងនៅវគ្គ ៣២ក្រុមរួមជាមួយក្រុម AZ Alkmaar ដែលមាន ៩ពិន្ទុឈរនៅលេខ២ ប្រចាំពូល L តែនៅសល់ ១ប្រកួតបង្រ្គប់កិច្ចដូចគ្នា ក្រោយពេលក្រុមបិសាចក្រហម បានប្រើតែក្រុមកីឡាករយុវជនថ្នាលរបស់ក្លឹបប៉ុណ្ណោះចាញ់ក្រុមម្ចាស់ផ្ទះ Astana របស់កាហ្សាក់ស្ថានក្នុងលទ្ធផល ២-១។

សម្រាប់ក្រុមប្រកួតរបស់ក្រុមកាំភ្លើងធំ Arsenal ដែលមានលោក Unai Emery ក៏បានចាញ់ក្រុម Eintracht Frankfurt របស់អាល្លឺម៉ង់ ២-១ នៅកីឡដ្ឋាន Emirates តែក្រុមទាំងពីរ ក៏បានកក់កៅអីឡើងវគ្គចែកពូល ៣២ក្រុមបន្តទៀតដែរក្រោយឆ្លងកាត់ ៥ប្រកួតដូចគ្នា ដោយ Arsenal រកបាន ១០ពិន្ទុ និង Frankfurt មាន ៩ពិន្ទុប្រចាំពូល F និងក្រុមអង់គ្លេស ១ទៀតគឺ កញ្ជ្រោងខ្មៅ Wolverhampton Wanderers ក៏ឡើងទៅវគ្គ ៣២ក្រុមផងដែរ ក្រោយរកបាន ១០ពិន្ទុ ឈរនៅលេខ២ ដោយមាន SC Braga ឈរនៅកំពូលតារាងដែលមាន ១១ពិន្ទុប្រចាំពូល K៕