(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនាមប្រធានប្រតិភូកម្ពុជា កាលពីវេលាម៉ោង ១២៖៤៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែវិច្ឆិកានេះ បានបន្ដដឹកនាំប្រតិភូ និងអត្តពលិក ៩ប្រភេទកីឡាទៀត ធ្វើដំណើរទៅហ្វីលីពីន ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣០ ដែលគ្រោងបើកការប្រកួតនៅថ្ងៃទី៣០ ខែវិច្ឆិកាស្អែកនេះ។

អត្តពលិកកម្ពុជា ដែលចេញដំណើរយប់មិញ រួមមានកីឡារាំ, វាយសី, បាល់ទះក្នុងសាល, វាយកូនបាល់, ទោចក្រយានយន្ដ, ទ្រីយ៉ាត្លុង, សីដក់, បាល់បោះ ៣ទល់នឹង៣នាក់ និងបាល់បោះ ៥ទល់នឹង៥នាក់។ ដូច្នេះមកទល់ពេលនេះ កម្ពុជាមានអត្តពលិក ១២ប្រភេទកីឡាហើយ ដែលបានទៅដល់ហ្វីលីពីន បន្ទាប់ពីកីឡាបាល់ទាត់ U22 កម្ពុជា, គុនល្បុក្កតោ, កាយសម្ព័ន្ធ ទូកក្ដោង និងបាល់ទះឆ្នេរខ្សាច់ ដែលបានទៅដល់កាលពីថ្មីៗ។

តាមការគ្រោងទុកក្រោយទៅដល់របស់ប្រធានប្រតិភូកម្ពុជា គឺលោកបណ្ឌិត ថោង ខុន រួមជាមួយប្រតិភូ និងកីឡាករ-កីឡាការិនីជាច្រើន នៅថ្ងៃសុក្រនេះ កម្ពុជានឹងរៀបចំពិធីបង្ហូតទង់ជាតិរបស់ខ្លួន ដើម្បីបង្ហាញពីការទៅដល់ និងត្រៀមខ្លួនជាស្រេច ក្នុងការប្រកួតកីឡាស៊ីហ្គេម។ បន្ទាប់មកលោករដ្ឋមន្ដ្រី នឹងបន្ដធ្វើការសំណេះសំណាលជាមួយអត្តពលិក មុនដឹកនាំចូលរួមពិធីបើកការប្រកួតផ្លូវការ ដែលនឹងធ្វើនាល្ងាចស្អែក។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកានេះ ក្នុងចំណោមអត្តពលិកបានទៅដល់ហ្វីលីពីន គឺមានកីឡា ២ប្រភេទ ដែលបានប្រកួត និងត្រៀមប្រកួត ទី១-ក្រុមបាល់ទាត់ U22 កម្ពុជា ដែលបានឆ្លងកាត់ ២ប្រកួតក្នុងពូល នឹងកំពុងឈរកំពូលតារាង ដោយមាន ៤ពិន្ទុ។ ចំណែកកីឡាបាល់ទះឆ្នេរខ្សាច់ គឺត្រៀមធ្វើការប្រកួតនារសៀលនេះ។ រីឯកីឡាផ្សេងៗ គ្រោងនឹងបន្ដការប្រកួតនាថ្ងៃស្អែក។ នេះបើតាមការបញ្ជាក់របស់នាយបេសកកម្មលោក វ៉ាត់ ចំរើន។

សូមរំឭកថា បេសកកម្មស៊ីហ្គេមឆ្នាំនេះ កម្ពុជានឹងបញ្ជូនកីឡាសរុប ៣១ប្រភេទទៅចូលរួម ហើយប្រភេទកីឡាសេសសល់ នឹងបន្ដចេញដំណើរជាបន្ដបន្ទាប់ ស្របពេលការប្រកួតនឹងចាប់ផ្ដើមផ្លូវការពីថ្ងៃទី៣០-វិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូខាងមុខ។ ក្នុងនោះដែរ កម្ពុជាក៏មានកីឡាមានសក្ដានុពល ១០ប្រភេទ ត្រូវបានដាក់ក្ដីរំពឹងប្រជែងមេដាយមាសជូនជាតិផងដែរ រួមមានកីឡាតេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ, ចំបាប់ និងកីឡាសូហ្វតេន្នីស៕