(ភ្នំពេញ)៖ ឈានចូលថ្ងៃទី២៩ នេះ ពិធីមង្គលការរបស់ពិធីករប្រុសសំដីចាក់ទឹកមិនលិច លោក ប៉ែន ចំរុង និងអ្នកនាង ហ៊ុន ម៉ាណេ ជាអ្នកខេត្តបាត់ដំបង ត្រូវបានបញ្ចប់ហើយ ដោយបន្សល់នូវអនុស្សាវរីយ៍ជាច្រើន។ ក្នុងនោះ គេសង្កេតឃើញថា ក្រៅពីសាច់ញាតិទាំងសងខាង គឺមានសិល្បករល្បីៗជាច្រើនកុះករចូលរួម ដែលធ្វើឲ្យបរិយាកាសពីធីមង្គល ប៉ែន ចំរុង កាន់តែមានភាពសប្បាយរីករាយ ជាមួយនឹងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។

ពិតណាស់ នៅរាត្រីថ្ងៃមង្គលរបស់ ប៉ែន ចំរុង មានសិល្បកររៀមច្បង និងអ្នករួមអាជីពសិល្បៈជាច្រើនចូលរួម ដោយអ្នកមានគ្រួសារ បានដឹកដៃគ្នាយ៉ាងត្រសង ជាមួយនឹងទឹកមុខញញឹមក្នុងឈុតប្រពៃណី និងអ្នកខ្លះគ្រងបែបសម័យ យ៉ាងសមសួនតែម្តង។

សិល្បករដែលចូលរួមពិធីមង្គលការរបស់ប៉ែនចំរុងមានដូចជា៖ អ្នកនាង ស៊ឹម សូលីកា និងស្វាមី, អ្នកនាង ចន ច័ន្ទលក្ខិណា និងស្វាមី, អ្នកនាង សុគន្ធ នីសា, អ្នកនាង មាស សុខសោភា, អ្នកនាង ខាត់ សុឃីម, លោក ខេមរៈ សិរីមន្ត, លោក ព្រាប សុវត្ថិ, លោក ខេម, លោក ឆាយ វីរៈយុទ្ធ កញ្ញា រ៉េត សូហ្សាណា, កញ្ញា ដួង ម៉ានិច, កញ្ញា ថន លក្ខិណា, លោក នី រតនា និងតារាល្បីៗជាច្រើនរូបទៀត។

​មហាជនជាច្រេីន​ជាពិសេស​ មិត្ត​ៗយុវវ័យ​ដែលជាអ្នកនិយម​គាំទ្រ ប៉ែន ចំរុង បានសម្តែង​នូវ​អារម្មណ៍​រំភើប​ និងត្រេកអរ រួមជាមួយនឹង​ពាក្យ​ជូនពរ​​​ជាច្រើន​ ទៅកាន់អ្នក​ទាំង​២រូប​ ដែលជា​គូស្វាមី​ភរិយា​ថ្មោងថ្មី​ ឲ្យទទួលបាននូវ​សុភមង្គល​ដ៏ពិត​ប្រាកដ​ និង​ជោគជ័យ​នៅរាល់​ភារកិច្ច​ផងដែរ​៕