(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បវរកញ្ញាតំណាងកម្ពុជាទៅប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោក «Miss Universe» សំណាង អេលីណា បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកហើយ។ ការចាកចេញពីមាតុប្រទេស ទៅប្រកួតបវរកញ្ញាពេលនេះ សំណាង អេលីណា មានសាច់ញាតិបងប្អូន និងហ្វេនៗជាច្រើនចូលរួមជូនដំណើរ និងលើកទឹកចិត្ត។

កញ្ញា សំណាង អេលីណា នឹងធ្វើដំណើរទៅ Atlanta, Georgia សហរដ្ឋអាមេរិក សម្រាប់ចូលរួមប្រកួតក្នុងកម្មវិធីខាងលើ។ ដោយក្នុងនោះ កញ្ញា បាននាំយកនូវឈុតតំណាងជាតិដែលមានឈ្មោះថា «ព្រះនាងឥន្ទ្រទេវី» ទៅចូលរួមប្រកួត ក៏ដូចជាឲ្យពិភពលោកបានស្គាល់ ពីវប្បធម៌របស់ខ្មែរ តាមរយៈឈុតតំណាងជាតិ ដែលបង្កប់នូវអត្ថន័យឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរ និងស្ត្រីខ្មែរមានទឹកមុខញញឹមស្រស់ ទន់ភ្លន់។

សូមចូលរួមលើកទឹកចិត្ត និងគាំទ្រកញ្ញា សំណាង អេលីណា តាមរយៈការតាមដានផេក «Miss Universe 2019» និងចុច Like ឬ Share លើរូបរបស់កញ្ញា។ សម្រាប់ព័ត៌មានបន្ថែមយើងនឹងជម្រាបជូននៅពេលក្រោយ៕