(ឌុបលីន)៖ កីឡាករប្រដាល់ក្នុងទ្រុង UFC សញ្ជាតិអៀរឡង់ Conor McGregor នឹងប៉ះគូប្រជែងលើកដំបូង Donald Cowboy Cerrone ក្នុងជំនួបមិត្តភាពអន្តរជាតិនាឆ្នាំក្រោយ បន្ទាប់ពីសម្រេចចិត្តឡើងសង្វៀនវិញ ពីការចូលនិវត្តន៍ទើបតែបានជាង ១ឆ្នាំមកនេះ។

នៅចាំបានថា កីឡាករវ័យ ២៧ឆ្នាំ McGregor បានប្រកាសចូលនិវត្តន៍ពីសង្វៀន UFC កាលខែតុលា ឆ្នាំ២០១៨ ក្នុងខណៈកំពុងជាប់បម្រាមរយៈពេល ៦ខែមិនឲ្យប្រកួត ជាមួយនឹងការពិន័យជាទឹកប្រាក់ ១០០០អឺរ៉ូផងនោះ ក្រោយប៉ះទង្គិចគ្នាជាមួយកីឡាកររុស្ស៊ី Khabib ដែលជា ១ប្រកួតចុងក្រោយរបស់គេ។

ជំនួបប្រកួតរវាងកីឡាករវ័យ ៣១ឆ្នាំ McGregor ទល់នឹងកីឡាករអាមេរិក Cerrone នឹងធ្វើឡើងនៅទីក្រុង Las Vegas សហរដ្ឋអាមេរិក នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ដែលជាការជួបគ្នាលើកដំបូងរវាងជើងខ្លាំងទាំងពីរផងដែរ ក្រោយពេលគូប្រជែង វ័យ ៣៦ឆ្នាំ Cerrone ដែលតែបានចាញ់ក្រោមកណ្តាប់ដៃរបស់ Justin Gaethje កាលពីខែកញ្ញា ឆ្នាំ២០១៩ ដែលជា ១ប្រកួតចុងក្រោយរបស់គេ។

កំណត់ត្រាល្អរបស់ Conor McGregor គឺបានធ្វើល្អបំផុតកាលឆ្នាំ២០១៦ ដោយដណ្តើមបានខ្សែក្រវាត់ ២ស្ថាប័នផ្សេងគ្នា ពីប្រវត្តិឡើងប្រកួតសរុបបានចំនួន ២៥ដង ក្នុងនោះឈ្នះ ២១ដង និងចាញ់តែ ៤ដងប៉ុណ្ណោះនៅ UFC៕