(ភ្នំពេញ)៖ បើទស្សនិកជននៅចាំមិនភ្លេច កញ្ញា ប៊ី សុធារី ទើបតែបញ្ចប់កុងត្រាជាមួយក្រុមហ៊ុន Arise Agency និងអស់សិទ្ធជាបវរកញ្ញាចក្រវាឡ មិនទាន់បានមួយខែស្រួលបួលទេ។ បច្ចុប្បន្នតារាស្រីរូបនេះបានប្រកាសខ្លួនជា បវរកញ្ញាឯករាជ្យ ពោលមិនស្ថិតក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុនណាមួយឡើយ។ យ៉ាងណាមិញ មិនទាន់មួយចំអិនកំពឹសផង ក៏ស្រាប់តែក្តោបបានតំណែង ជានារីខ្មែរដំបូង តំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី «Miss Charm International 2020» នៅប្រទេសវៀតណាម។

ជាការកត់សម្គាល់ កម្មវិធី «Miss Charm International » ដែលជាការប្រកួតបវរកញ្ញាលំដាប់ពិភពលោក នឹងត្រូវធ្វើឡើងលើកដំបូងក្នុងឆ្នាំ២០២០ ខាងមុខនេះ ហើយកញ្ញា ប៊ី សុធារី ក្លាយជានារីខ្មែរដំបូង ដែលបានចូលរួមប្រកួតក្នុងកម្មវិធីនេះផងដែរ។

យោងតាមសារហ្វេសប៊ុក កញ្ញា ប៊ី សុធារី បានឲ្យដឹងថា «ជំរាបសួរពុកម៉ែ បងប្អូន អ្នកគាំទ្រ ព្រមទាំងប្រជាជនកម្ពុជាទាំងអស់គ្នា ក្នុងឱកាសថ្ងៃនេះផងដែរ នាងខ្ញុំ ប៊ី សុធារី សូមជម្រាបជូនព័ត៌មានទៅកាន់ ពុកម៉ែ បងប្អូន និងអ្នកគាំទ្រទាំងអស់គ្នាឲ្យបានដឹងថា នាងខ្ញុំនឹងក្លាយជា Miss Charm Cambodia ដំបូងដែល​នឹងត្រូវតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Charm International 2020 ដែលនេះគឺជាឆ្នាំដំបូងនៃកម្មវិធី Miss Charm International ផងដែរ»

កញ្ញា បន្តថា «ហើយកម្មវិធីនឹងប្រារព្ធធ្វើឡើងនៅក្នុងប្រទេសវៀតណាម នាខែមករា ឆ្នាំ២០២០ ខាងមុខនេះ
ដូច្នេះសូមពុកម៉ែ បងប្អូន អ្នកគាំទ្រ និងប្រជាជនកម្ពុជាទាំងអស់ មេត្តាកុំភ្លេចតាមដាន និងជួយគាំទ្រដល់រូបនាងខ្ញុំផង ព្រោះអ្នកទាំងអស់គ្នាគឺជាកំលាំងចិត្តដ៏ធំមួយសម្រាប់រូបនាងខ្ញុំ ដើម្បីចូលរួមប្រកួតកម្មវិធីមួយនេះ។ សូមអរគុណ»

គួរជម្រាបថា កញ្ញា ប៊ី សុធារី គឺជាអតីតបវរកញ្ញាចក្រវាលឆ្នាំ២០១៧ ថ្មីៗនេះនាងបានប្រកាសជាសាធារណៈថា បានបញ្ចប់កុងត្រាជាមួយក្រុមហ៊ុន Arise Agency ហើយ ដោយសារតែមានភាពចម្រូងចម្រាសមួយចំនួន ពោលគឺក្រុមហ៊ុនធ្វើខុសលក្ខខណ្ឌមួយចំនួនក្នុងកុងត្រា ដែលធ្វើឲ្យនាងមិនអាចទទួលយកបាន៕