(ម៉ានីល)៖ ក្រុមបាល់ទាត់ជម្រើសជាតិ U22 កម្ពុជា នឹងបន្ដការប្រកួតទី៣ របស់ខ្លួនក្នុងពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ ឆ្នាំ២០១៩ ដោយត្រូវជួបក្រុមជម្រើសជាតិ U22 មីយ៉ាន់ម៉ា នាវេលាម៉ោង ៧យប់នេះ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Binana Football Stadium នៅតំបន់ Binan ប្រទេសហ្វីលីពីន។

នេះគឺជាការប្រកួតដ៏សំខាន់របស់ក្រុមគោព្រៃកម្ពុជា ដោយប្រកួតនេះ បើសិនកម្ពុជាឈ្នះ កម្ពុជានឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដង តែបើស្មើ ឬចាញ់ កម្ពុជានឹងត្រូវចាំអ៊ុតលទ្ធផលប្រកួតបញ្ចប់ពូលជាមួយក្រុម U22 ម៉ាឡេស៊ី នាថ្ងៃទី០៤ ខែធ្នូខាងមុខ រួមទាំងការប្រកួតរបស់ក្រុមផ្សេងៗស្ថិតក្នុងពូលជាមួយគ្នាដែរ។ ដូច្នេះចាំមើលយប់នេះ កម្ពុជា អាចបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រឆ្លងផុតពូលលើកដំបូងបានទេ?

ក្រឡេកមកចាប់អារម្មណ៍ក្រុម U22 មីយ៉ាន់ម៉ាវិញ នេះជាការប្រកួតចុងក្រោយក្នុងពូល A ហើយពួកគេរឹតតែត្រូវការឈ្នះ ដើម្បីធានាកៅអីកំពូលតារាង និងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដ្បិតបច្ចុប្បន្នពួកគេ កំពុងកាន់ ៧ពិន្ទុក្នុងដៃ ជាមួយលទ្ធផល ៣ប្រកួត ឈ្នះ២ និងស្មើ១ មិនដែលចាញ់។ ដូច្នេះការជួបគ្នារវាង U22 កម្ពុជា និងមីយ៉ាន់ម៉ាយប់នេះ ត្រូវបានចាត់ទុកជាការប្រកួតដ៏តានតឹង។ ប៉ុន្ដែអ្នកគាំទ្រកម្ពុជា នៅតែជឿជាក់លើក្រុមគោព្រៃ ព្រោះកម្ពុជា ធ្លាប់ឈ្នះមីយ៉ាន់ម៉ា ២-០ ក្នុងពាន AFF U22 Championship 2019 នៅកម្ពុជាម្ដងរួចមកហើយ។

គួរបញ្ជាក់ថា ក្នុងប្រវត្តិសាស្ដ្រស៊ីហ្គេមចំនួន ២៩លើកកន្លងមក សម្រាប់ក្រុមបាល់ទាត់កម្ពុជា ពុំធ្លាប់មានប្រវត្តិឆ្លងផុតពូលនោះទេ ហេតុនេះបើសិនកម្ពុជា អាចឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងស៊ីហ្គេម នៅហ្វីលីពីនេះ មានន័យថា ជាកំណត់ត្រាប្រវត្តិសាស្រ្ដ ៦០ឆ្នាំហើយ ដែលក្រុមបាល់ទាត់កម្ពុជា អាចឆ្លងផុតពូលលើកដំបូង។ បាល់ទាត់កម្ពុជា បានចូលរួមប្រកួតស៊ីហ្គេមដំបូង នៅឆ្នាំ១៩៦១ បន្ទាប់ពីស៊ីហ្គេម លើកទី១ រៀបចំនៅឆ្នាំ១៩៥៩។ មកទល់បច្ចុប្បន្នបាល់ទាត់កម្ពុជា ទើបចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់នេះបាន ១៤លើកប៉ុណ្ណោះ៕