(សៀមរាប)៖ នៅសល់រយៈពេល ៦ថ្ងៃទៀតប៉ុណ្ណោះ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៤ នៅអង្គរវត្ត ខេត្តសៀមរាប នឹងមកដល់ហើយ ពោលគឺនៅថ្ងៃទី០៨ ខែធ្នូ គ្រាដែលឱកាសចុងក្រោយ សម្រាប់អ្នកមានបំណងចុះឈ្មោះចូលរួមរត់ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ នៅសល់តែវិញ្ញាសារត់ ៣គីឡូម៉ែត្រប៉ុណ្ណោះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា បច្ចុប្បន្នគណៈកម្មការឈប់ទទួលពាក្យតាមអនឡាញលើវិញ្ញាសារត់ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រហើយ បន្ទាប់ពីមានកំណើនអ្នកចុះឈ្មោះច្រើនលើសលប់។ ប៉ុន្ដែចំពោះអ្នកចង់ចូលរួមព្រឹត្តិការណ៍នេះ គឺអាចទៅចុះឈ្មោះផ្ទាល់នៅខេត្តសៀមរាបបាន សម្រាប់វិញ្ញាសារត់ ៣គីឡូម៉ែត្រ ពិសេសលោកបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរចូលរួមឲ្យបានច្រើន។

អគ្គលេខាធិការ NOCC ដដែលបានបន្ដថា «មកទល់ពេលនេះ ការចុះឈ្មោះទទួលបានជាង ១ម៉ឺននាក់ហើយ ក្នុងនោះមានបរទេសប្រមាណជាង ៥,០០០នាក់មកពីជាង ៨០ប្រទេសលើពិភពលោក ដោយអង់គ្លេសឈរលេខ១ អាមេរិកលេខ២ និងបារាំងឈរលេខ៣ ក្នុងនាមភ្ញៀវបរទេសចូលរួមច្រើនជាងគេ។ នេះគឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំ ខណៈព្រឹត្តិការណ៍នេះ កាន់តែមានភាពល្បីល្បាញ និងទាក់ទាញដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នករត់ជុំវិញពិភពលោកមានការចាប់អារម្មណ៍ រួមទាំងអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិផងដែរ»

លោកថា «នេះគឺជាគោលនយោបាយរបស់ក្រសួងទេសចរណ៍ ដែលបានខិតខំប្រឹងប្រែងជាមួយ NOCC ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងការធ្វើពិពិតកម្មកីឡា និងបង្កើនគុណភាពសេវាកម្មកីឡាទេសចរណ៍ ពិសេសព្រឹត្តិការណ៍នៅអង្គរវត្តនេះ ដែលបានរួមចំណែកមួយដ៏សំខាន់ ក្នុងការទាក់ទាញកំណើនទេសចរ ហើយជាព្រឹត្តិការណ៍ដ៏ទាក់ទាញ ដែលអាចស្រូបយកអ្នកទេសចរណ៍កីឡាជាង ១ម៉ឺននាក់ក្នុងពេលតែមួយ ដែលមកពីគ្រប់ទិសទីលើពិភពលោក។ នេះគឺជាសក្ខីភាពនៃការសន្ដិសភាព និងការអភិវឌ្ឍន៍ ហើយក៏ជាសក្ខីភាពគាំទ្រព្រឹត្តិការណ៍ និងប្រទេសកម្ពុជាផងដែរ»

គួរដឹងថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៤ នៅអង្គរវត្តឆ្នាំនេះ បានកើនដល់ ៤វិញ្ញាសា គឺរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងរត់លក្ខណៈគ្រួសារ ៣គីឡូម៉ែត្រ។ ចំពោះគោលបំណងសំខាន់ៗនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ជាប្រវត្តិសាស្ដ្ររបស់កម្ពុជា ទាក់ទាញកំណើនភ្ញៀវទេសចរ ផ្សព្វផ្សាយអំពីបរិស្ថានស្អាត ហើយក៏ផ្សាភ្ជាប់នឹងការងារសង្គម ដោយថវិកាទទួលបានពីការរៀបចំ នឹងត្រូវបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារ កាកបាទក្រហមកម្ពុជា អង្គការកុមារកំព្រា និងជនពិការដោយសារគ្រាប់មីនជាដើម៕