(លីវើភូល)៖ ក្រុមខ្លាំងហង្សក្រហម Liverpool បានបន្តឈរលើកំពូលតារាងលីគអង់គ្លេស Premier League រដូវកាលឆ្នាំ2019-2020 ក្រោយរកបាន ៣ពិន្ទុបន្ថែមក្រោយយកឈ្នះ ២-១ ទៅលើ Brighton ខណៈក្រុមកញ្ជ្រោងខៀវ Leicester City ក៏បន្តឈរលេខ២ ដោយមាន ៣២ពិន្ទុតាមពីក្រោយដោយក្រុមការពារជើងឯក Manchester City ឈរលេខ៣ ដែលមានតែ ២៩ពិន្ទុ គិតត្រឹមសប្តាហ៍ទី១៤។

ក្រុមហង្សក្រហម Liverpool នៅតែបន្តភាពខ្លាំង និងជាក្រុមតែមួយគត់ដែលលេងមិនចាញ់ និងរកបាន ៤០ពិន្ទុ ឈរកំពូលតារាងបណ្តោះអាសន្នក្នុងរដូវកាលនេះនៅ Premier League ដែលមានលោក Jurgen Klopp កំពុងដឹកនាំបានសាងភាពអស្ចារ្យ ក្រោយបន្តយកឈ្នះគូប្រជែងក្រុម Brighton Hove Albion ក្នុងលទ្ធផល ២-១ ក្នុងនោះកីឡាករខ្សែការពារឆ្នើមតម្លៃថ្លៃជាងគេរកបាន ២គ្រាប់ នៅមុនពេលអ្នកចាំទីឆ្នើម Alisson ទទួលបានកាតក្រហម ដោយសារបង្កកំហុសក្នុងប្រកួតថ្ងៃរាត្រីសៅរ៍សប្តាហ៍មុន។

សម្រាប់ក្រុម Leicester City វិញ បានបន្តឈរលេខរៀងទី២ ក្នុងតារាងពិន្ទុក្រោយយកឈ្នះក្រុមភ្ញៀវ Everton ដោយលទ្ធផល ២-១ មាន ៣២ពិន្ទុ នាំមុខក្រុមការពារតំណែងជើងឯក Manchester City ឈរលេខ៣ ក្រោយបានត្រឹមស្មើគ្នាជាមួយក្រុម Newcastle United ២-២ និងកីឡាករខ្សែប្រយុទ្ធ Jamie Vardy នៅតែបន្តរកបានគ្រាប់បាល់បន្ថែមកើនដល់ ១៣គ្រាប់ច្រើនជាងគេ៕