(ម៉ាឌ្រីដ)៖ កីឡាករអន្តរជាតិអាហ្សង់ទីន Lionel Messi រកបាន ១គ្រាប់ជួយក្រុមខ្លាំងអេស្ប៉ាញ FC Barcelona យកឈ្នះម្ចាស់ផ្ទះ Atletico Madrid ក្នុងលទ្ធផល ១-០ ប្រចាំសប្តាហ៍ទី១៤ នៃពានរង្វាន់ LaLiga រដូវកាលឆ្នាំ២០១៩-២០២០ ឡើងទៅឈរកំពូលតារាងវិញ ដោយមាន ៣១ពិន្ទុស្មើក្រុមលេខ២ Real Madrid តែនៅសល់ចំណេញគ្រាប់បាល់ច្រើនជាង នៅពេលក្រុមលោក Zidane ក៏យកឈ្នះម្ចាស់ផ្ទះ Alaves ២-១ នៅនារាត្រីថ្ងៃសៅរ៍។

កីឡាករខ្សែប្រយុទ្ធឆ្នើម Messi រកបានគ្រាប់ជ័យជម្នះនៅនាទី៨៦ នាកីឡដ្ឋាន Estadio Wanda Metropolitano របស់ក្រុមម្ចាស់ផ្ទះ Atletico Madrid នារាត្រីថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅពីមុខអ្នកទស្សនាផ្ទាល់ចំនួន ៦៤២២៦នាក់ ខណៈរូបគេពេលនេះរកបាន ៩គ្រាប់នៅ La Liga និងខ្សែប្រយុទ្ធ Karim Benzema របស់ Real Madrid រកបាន ១០គ្រាប់ច្រើនជាងគេ។

១គ្រាប់ជ័យជម្នះរបស់ Lionel Messi ក្រោយទទួលបានបាល់ពី Luis Suarez នាយប់មិញនេះ ធ្វើឲ្យកីឡាករវ័យ ៣២ឆ្នាំរូបនេះកើនគ្រាប់ស៊ុតបាន ៣០គ្រាប់ហើយទៅលើក្រុម Atletico Madrid គ្រប់យុទ្ធនាការទាំងអស់ ហើយក៏ជាការបរាជ័យលើកទី១៩ របស់ At. Madrid ពេលជួប Barcelona គិតចាប់តាំងពីឆ្នាំ២០១០។

បន្ថែមលើនេះ Messi ក៏រកបាន ៣៧គ្រាប់ផងដែរនៅពេល Barcelona ប៉ះក្រុម Sevilla ដែលជាសមាជិកនៅ La Liga ដូចគ្នា៕