(ភ្នំពេញ)៖ ជារឿងមួយដ៏គួរឲ្យភ័យតក់ស្លុត និងបុកពោះជាខ្លាំង ខណៈដែលបវរកញ្ញាម្នាក់​ មានឈ្មោះថា Geraldine Gonzalez មកពីប្រទេស Chile បានគៀបជាប់កន្ទុយរ៉ូប​ នៅនឹងជណ្ដើរយន្ត កំឡុងពេលដែលនាងនឹងបវរកញ្ញា​ដទៃទៀត កំពុងធ្វើដំណើរចុះតាមជណ្ដើរយន្ត។ យ៉ាងណាមិញ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ មិនបានធ្វើឲ្យនាងមានគ្រោះថ្នាក់ អ្វីនោះទេ។

តាមរយៈវីដេអូ ​បានបង្ហោះចូលក្នុងគណនីអុីនស្តាក្រាម រយៈពេលប្រមាណ១៥វិនាទី បានបង្ហាញពីរឿង​គួរឲ្យគ្រោះថ្នាក់សម្រាប់បវរកញ្ញា នាង Geraldine Gonzalez ដែលជាប់រ៉ូបនៅនឹងកាំជណ្ដើរយន្ត ដោយសារតែ​កន្ទុយរ៉ូបវែងរបស់នាង បានធ្វើឲ្យនាងផ្ទាល់ និងបវរកញ្ញា ដែលបានចុះតាមក្រោយនាង មានការភ័យស្លន់ស្លោរ​ជាខ្លាំង។ ហេតុការណ៍នេះបានកើតឡើង នៅកំឡុងពេលប្រកួត «Miss Universe 2019» នៅឯសហរដ្ឋអាមេរិក។

យ៉ាងណាមិញ នេះចាត់ទុកជាបទពិសោធន៍ និងជាមេរៀនមួយសម្រាប់សុភាពនារីទាំងឡាយ ឲ្យមានការប្រុងប្រយ័ត្ននៅពេលដែលស្លៀកឈុតរ៉ូបវែង ហើយចុះតាមជណ្ដើរយន្ត កុំមានការធ្វេសប្រហែស ដែលអាចបង្កជាគ្រោះថ្នាក់ដោយចៃដន្យ ដូចក្នុងវីដេអូមួយនេះ៕