(ម៉ានីល)៖ អត្តពលិកកម្ពុជាចំនួន ៩ប្រភេទកីឡា នឹងបន្ដបេសកកម្មថ្ងៃទី៤ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នៅថ្ងៃពុធនេះ រួមមានកីឡាប៉េតង់, សីដក់, បាល់ទាត់ក្នុងសាល, វាយកូនបាល់, បាល់ទាត់ U22, បេស្បល, ប្រដាល់សាកល, ហែលទឹក និងកីឡាហុកគី ។

ក្នុងចំណោមប្រភេទកីឡាខាងលើ គឺភាគច្រើនបានឆ្លងកាត់ការប្រកួតជម្រុះជាច្រើនប្រកួតមកហើយ លើកលែងតែកីឡាប្រដាល់សកល, ហែលទឹក និងកីឡាហុកគី ដែលទើបចាប់ផ្ដើមការប្រកួតថ្ងៃនេះ។ អ្វីដែលពិសេស គឺក្រុមកីឡាប៉េតង់នារីកម្ពុជា បានទទួលកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួចទៅហើយ បន្ទាប់ពីទទួលបានជ័យជម្នះ ២ប្រកួតផ្ទួនៗមុនប្រកួតបញ្ចប់ពូលព្រឹកនេះ។

គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី០៣ ខែធ្នូម្សិលមិញ កម្ពុជាគឺដណ្ដើមបានមេដាយសរុប ២១គ្រឿង រួមមានមេដាយមាស ១, ប្រាក់ ៣ និងសំរឹទ្ធ ១៧ ដែលដណ្ដើមបានដោយក្រុមអត្តពលិក៖

១. កីឡាគុនល្បុក្កតោ ឈ្នះមេដាយសរុប ២០គ្រឿង(មាស ១, ប្រាក់ ២ និងសំរឹទ្ធ ១៧) ។
២. កីឡាសីប៉ាក់តាក្រ ឈ្នះមេដាយប្រាក់ ១ លើវិញ្ញាសាសីកន្ត្រក់។

យ៉ាងណាក៏ដោយ កម្ពុជានៅមានអត្តពលិក និងកីឡាសក្ដានុពលជាច្រើនទៀត ដែលកំពុងធ្វើការប្រកួត និងមិនទាន់ធ្វើការប្រកួត ហើយស្ថិតក្នុងការរំពឹងដណ្ដើមមេដាយជូនជាតិបន្ថែម។ ហេតុនេះថ្នាក់ដឹកនាំកីឡាកម្ពុជា នៅតែមានសុទិដ្ឋិនិយមខ្ពស់ ក្នុងការប្រកួតប្រជែងរបស់អត្តពលិកកម្ពុជា ដើម្បីបង្កើនមេដាយ និងដណ្ដើមលទ្ធផលល្អជូនជាតិក្នុងបេសកកម្មស៊ីហ្គេមឆ្នាំនេះ៕