(ម៉ានីល)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U22 ម៉ាឡេស៊ី នាវេលាម៉ោង ៣រសៀលថ្ងៃពុធនេះ ក្នុងជំនួបបញ្ចប់ពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅកីឡដ្ឋាន Rizal Memorial ក្នុងទីក្រុងម៉ានីល ។ នៅម៉ោងដំណាលគ្នា ក្រុមម្ចាស់ផ្ទះ U22 ហ្វីលីពីន ក៏ត្រូវប្រកួតចុងក្រោយជាមួយក្រុម U22 ទីម័រខាងកើតផងដែរ ។

នេះគឺជាការប្រកួតដ៏សំខាន់របស់ក្រុមគោព្រៃកម្ពុជា ដោយទាមទារឈ្នះដាច់ខាត ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(១/២) លើកដំបូង ក្នុងព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាននេះ ជាមួយក្រុម U22 ម៉ាឡេស៊ី និងក្រុមម្ចាស់ផ្ទះហ្វីលីពីន ដែលកំពុងកាន់ ៤ពិន្ទុក្នុងដៃស្មើគ្នា បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតក្នុងពូល ឈ្នះ១ ស្មើ១ និងចាញ់១ ដូចគ្នា។

ក្នុងឱកាសដ៏តានតឹង ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ គឺមានលក្ខខណ្ឌចំនួន២ ប៉ុណ្ណោះ ដែលអាចធ្វើឲ្យក្រុម U22 កម្ពុជា បង្កើតប្រវត្តិសាស្ដ្រឆ្លងពូលលើកដំបូង៖

• ក្រុម U22 កម្ពុជា ឈ្នះម៉ាឡេស៊ី ហើយហ្វីលីពីន ឈ្នះទីម័រខាងកើតតិចជាង ៤គ្រាប់ ។
• ក្រុម U22 កម្ពុជា ស្មើម៉ាឡេស៊ី លុះត្រាហ្វីលីពីន ស្មើទីម័រខាងកើតដែរ។

ប៉ុន្ដែដើម្បីកក់ក្ដៅក្នុងការរក្សាឱកាសដ៏កម្រនេះ ក្រុមគោព្រៃកម្ពុដាដាច់ខាតត្រូវការឈ្នះក្រុម U22 ម៉ាឡេស៊ីតែម្ដង ព្រោះបើស្មើ ឱកាសឡើងវគ្គបន្ដ នឹងធ្លាក់ទៅក្រុមម្ចាស់ផ្ទះហ្វីលីពីន ដោយសារការជួបក្រុមបាតតារាង U22 ទីម័រខាងកើត មិនមែនជាឧបសគ្គក្នុងការដណ្ដើមយក ៣ពិន្ទុរបស់ពួកគេនោះទេ ។

គួរដឹងថា រយៈពេលជិត ៦០ឆ្នាំមកហើយ ក្រុមបាល់ទាត់កម្ពុជា ពុំធ្លាប់ឆ្លងផុតវគ្គជម្រុះក្នុងពូលនៃព្រឹត្តិការណ៍កីឡាប្រចាំតំបន់ ២ឆ្នាំម្ដងនេះឡើយ ក្នុងប្រវត្តិចូលរួមចំនួន ១៤លើក ។ ចំពោះការប្រកួតរវាងក្រុម U22 កម្ពុជា ប៉ះក្រុម U22 ម៉ាឡេស៊ីល្ងាចនេះវិញ ក៏នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាសផងដែរ៕