(ភ្នំពេញ)៖ តារាសម្តែងប្រុសកូរ៉េ លោក Cha In Ha ដែលមានវ័យ២៧ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់ ក្នុងផ្ទះរបស់លោក នៅថ្ងៃទៅ០៣ ខែធ្នូ។ បច្ចុប្បន្នប៉ូលីសកំពុងធ្វើការស៉ើបអង្កេតលើករណីនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។

Fantagio ភ្នាក់ងាររបស់ Cha បានចេញសេចក្តីថ្លែងការ បង្ហាញពីការសោកស្តាយយ៉ាងខ្លាំង ក្រោយទទួលបានព័ត៌មាន ពីការស្លាប់របស់តារាក្នុងផលិតកម្មខ្លួន។ ដោយចាត់ទុកថា វាសឹងតែមិនគួរឲ្យជឿដែល Cha In Ha បានបាត់បង់ជីវិតបែបនេះ។

គួរជម្រាបថា តារាសម្តែង និងជា​ចម្រៀងប្រុសកូរ៉េ Cha In Ha បាន​ឈាន​ជើង​ចូល​វិថី​សិល្បៈជា​តារា​ចម្រៀង ផលិតកម្ម Fantagio ​ក្នុង​ឆ្នាំ២០១៧។ ងាកមកវិស័យភាពយន្តវិញ រឿងចុងក្រោយដែលលោកសម្តែងឲ្យ MBC មានចំណងជើងថា «drama Love With Flaws» កំពុងត្រូវបានដាក់បញ្ចាំង។

នៅចុងឆ្នាំ ២០១៩ នេះ តារាកូរ៉េ ០៣នាក់ហើយ ត្រូវបានគេប្រទះឃើញស្លាប់ ដោយក្នុងនោះតារាស្រី Sulli ស្លាប់នៅខែតុលា ដោយសារជំងឺបាក់ទឹកចិត្ត ខណៈមិត្តស្និតស្នាលរបស់នាង គឺ Goo Hara បានស្លាប់ក្នុងខែវិច្ឆិកា ហើយនៅដើមខែធ្នូនេះ តារាប្រុស Cha In Ha បានស្លាប់ ទាំងពេលនេះប៉ូលីសកំពុងស៉ើបអង្កេតរកមូលហេតុនៅឡើយ៕