(ភ្នំពេញ)៖ ខណៈដែលព្រឹត្តិការណ៍មហោស្រពភាពយន្តជាតិលើកទី៦ របស់កម្ពុជា ទើបតែបញ្ចប់ទៅកាលពីពេលថ្មីៗនេះ ដោយទទួលបានការគាំទ្រ និងមានភាពយន្ត, អ្នកដឹកនាំសម្ដែង តារាសម្ដែងមួយចំនួន បានទទួលពានរង្វាន់រួចមកហើយនោះ ស្រាប់តែនៅល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ ភាពយន្តខ្មែរខ្នាតធំ១រឿងទៀតហើយ របស់ផលិតកម្ម «ខ្មែរមេគង្គ» បានប្រកាសសម្ពោធបញ្ចាំងជាផ្លូវការ នៅទូទាំងប្រទេស បន្ទាប់ពីភាពយន្តនេះ មិនបានចូលរួមប្រកួតប្រជែង ក្នុងមហោស្រពភាពយន្តជាតិលើកទី៦។

នៅក្នុងពិធីបើកសម្ពោធបញ្ចាំងទូទាំងប្រទេសរឿង «ផ្ទះជួល» ដែលជាភាពយន្តបែបភ័យរន្ធត់ព្រឺព្រួច លាយឡំជាមួយនឹងឈុតឆាកកំប្លែងស្ងូត និងជាស្នាដៃនិពន្ធដោយ សុធារី អាត សហការជាមួយផលិតករ ស្វាយ លីម៉េង គេសង្កេតឃើញមានការចូលរួម ពីសំណាក់ផលិតករ, ម្ចាស់ផលិតកម្មនានា, តារាសម្ដែងល្បីៗជាច្រើនរូប ក្នុងនោះមានដូចជា តារាសម្ដែង យោធិន វីរីយ៉ា, វ៉ាន់ ដាលីស, លី ណៃស៊ីម និងហ្សាតាន់ ព្រមទាំងតារាកិត្តិយស និងអ្នកគាំទ្រជាច្រើនរូបទៀត។

តំណាងផលិតកម្ម «ខ្មែរមេគង្គ» បានថ្លែងអះអាងថា ភាពយន្តរឿង «ផ្ទះជួល» ជាវណ្ណកម្មថ្មីមួយទៀត បន្ទាប់ពីរឿង «ព្រឺ» ដែលមានលក្ខណៈរន្ធត់ព្រឺព្រួច បង្កប់ដោយអាថ៌កំបាំង ធ្វើឲ្យអ្នកគាំទ្រអន្ទះសារចង់ទស្សនា បន្ទាប់ពីចេញវីដេអូ Trialler រួច។ ដូច្នេះដើម្បីឆ្លើយតប ជាមួយនឹងអ្នកគាំទ្រឲ្យទាន់ពេលវេលា ផលិតកម្មបានសម្រេចដាក់បញ្ចាំងជូនព្រមគ្នា ចាប់ពីថ្ងៃទី០៥ ខែធ្នូ នេះតទៅ នៅគ្រប់រោងក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប, បាត់ដំបង, ខេត្តព្រះសីហនុ, បន្ទាយមានជ័យ និងប៉ោយប៉ែត ពោលគឺមិនមែនបញ្ចាំង តែនៅសៀមរាប និងភ្នំពេញនោះទេ។

យ៉ាងណាមិញម្ចាស់ផលិតកម្មដដែល ក៏បានអំពាវនាវដល់មហាជន និងទស្សនិកជនទាំងអស់ ចូលរួមគាំទ្រស្នាដៃកូនខ្មែរឲ្យបានច្រើន ដើម្បីជាកម្លាំងចិត្តមួយ ក្នុងការផលិតភាពយន្តឲ្យមានគុណភាពខ្ពស់ នៅលើកក្រោយៗទៀត ក្នុងន័យដាក់ប្រកួតប្រជែង ទាំងលើទីផ្សារភាពយន្តក្នុងស្រុក និង​ទីផ្សារអន្តរជាតិ៕