(ភ្នំពេញ)៖ និស្សិត ហុង ភារិន ដែលបានបង្ហាញសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ «Super 100» ធ្វើឱ្យមហាជនកោតសរសើរ ទាំងក្នុងប្រទេស និងក្រៅប្រទេស រហូតដល់ប្រសិទ្ធនាមថាជា «អច្ឆរិយកម្ពុជា», បច្ចុប្បន្នកំពុងត្រៀមខ្លួនចូលរួមប្រកួតកម្មវិធី ចង់ចាំលំដាប់ពិភពលោកលើកទី២៨ ឬ «The 28th world memory championships» នៅប្រទេសចិន។

យោងតាមផេករបស់សមាគមនិស្សិតកម្ពុជានៅប្រទេសចិន បានបង្ហោះរូបភាពរបស់ ហុង ភារិន ពេលទៅដល់ប្រទេសចិន ដោយភ្ជាប់ជាមួយនឹងសារថា «ថ្ងៃច័ន្ទ ៦កើត​ ខែមិគសិរ​ ឆ្នាំកុរ​ ព.ស​ ២៥៦៣​ ត្រូវនិងថ្ងៃ​ទី២ ខែធ្នូ​ ឆ្នាំ២០១៩​ ក្រោមការដឹកនាំពីសំណាក់លោក សាំង​ វិច្ឆមុនី​ កុងស៊ុលនៃស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំ​ក្រុង​ឆុង​ឈីង ​ប្រទេសចិន និង​និស្សិត​កម្ពុជា​នៅ​ក្រុង​អ៊ូហាន​ បានទទួល​ស្វាគមន៍​ និង​​ចូលរួម​លើក​ទឹកចិត្ត​ប្អូនប្រុស ​ហុង​ភារិន ​(និសិត្ស​ខ្មែរ​ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​កម្មវិធី​ល្បង​ប្រាជ្ញា​super 100នៅ​ប្រទេស​ថៃ​)​ ដែល​ប្អូន​ ​ហុង​ ភារិន​ ​នឹង​មក​ធ្វើការ​ប្រកួត​កម្មវិធី​ប្រកួត​ការ​ចងចាំ​ លំដាប់​ពិភពលោក​លើក​ទី​២៨ (The 28th world memory championships)​ ដែល​មាន​ការ​ចូលរួម​ពី​បេក្ខជន​ប្រមាណ​ជាង​៥០០នាក់​ ពី​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​។ កម្មវិធី​ប្រកួត​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ ​ដល់​ថ្ងៃ​ទី​៧ ខែ​ធ្នូ​ខាងមុខ​នេះ​។ សូមជូនពរអោយប្អូនប្រុស​ ទទួលបានបានជោគជ័យក្នុងការប្រកួតប្រជែងនេះ»

តាមរយៈសារខាងលើនេះ មហាជនខ្មែរបាននាំគ្នាចែករំលែកពេញបណ្តាញសង្គម ដើម្បីបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តដល់យុវជនខ្មែររូបនេះ ឲ្យទទួលបានលិទ្ធផលល្អក្នុងការប្រកួត។ ជាពិសេស គឺជូនពរឲ្យលោក ហុង ភារិន ជោគជ័យក្នុងការប្រកួត កម្មវិធីលំដាប់ថ្នាក់ពិភពលោកដ៏ធំមួយនេះ៕