(បន្ទាយមានជ័យ)៖ ផ្សារទំនើប Big C ជាផ្សារទំនើប ដែលឈានមុខគេមួយ នៅក្នុងប្រទេសថៃ និងត្រូវបានបង្កើតឡើងជិត៣០ឆ្នាំមកហើយនោះ ពេលនេះមានវត្តមាន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យហើយ ព្រមទាំងបើកសម្ពោធជាផ្លូវការ នៅថ្ងៃព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ។

ក្នុងពិធីបើកសម្ពោធផ្សារទំនើប «Big C» គេសង្កេតឃើញវត្តមានរបស់លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ​, លោក Aswin Techajareonvikul ជានាយកប្រតិបត្តិនៃក្រុមហ៊ុន BIG C SUPERCENTER និងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រិទ្ធីរ៉ាវង្ស ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់ទៀត។

លោក Aswin Techajareonvikul នាយកប្រតិបត្តិនៃក្រុមហ៊ុន BIG C SUPERCENTER បានថ្លែងឲ្យដឹងថា «យើងមានកិត្តិយស ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការដាក់សម្ពោធផ្សារទំនើប Big C ជាលើកដំបូង នៅទីក្រុងប៉ោយប៉ែត»

លោកបានបន្ថែមថា ដោយមើលឃើញពីសក្តានុពលរបស់ប្រទេសកម្ពុជា យើងចង់ក្លាយដៃគូនៃការអភិវឌ្ឍន៍ នៃតំបន់ប៉ោយប៉ែតនេះ តាមរយៈការនាំយកមកនូវសេវាកម្ម និងផលិតផលប្រកបដោយគុណភាពមកជូនប្រជាជនក្នុងតំបន់។

នៅក្នុងផ្សារទំនើបទាំងមូល មានដាក់លក់នៅទំនិញ​ប្រើប្រាស់រាប់ពាន់ប្រភេទ នាំចូលពីបណ្ដាប្រទេសជាច្រើន ដែលមានគុណភាពខ្ពស់ និងតម្លៃធូរថ្លៃសមស្រប ទៅតាមប្រាក់ចំណូលប្រជាជន ដែលមានកម្រិតមធ្យម និងទាប។ នៅក្នុងផ្សារនេះ មានការបែងចែកដាច់ដោយឡែកពីគ្នា រវាងទីតាំងលក់សម្ភារៈប្រើប្រាស់ ទីតាំងលក់សម្លៀកបំពាក់ ទីតាំងលក់គ្រឿងសម្អាង ក៏ដូចជាចំណីអាហារជាដើម។

យ៉ាងណាមិញ ក្រុងប៉ោយប៉ែត នាពេលបច្ចុប្បន្ននេះ មានការអភិវឌ្ឍយ៉ាងខ្លាំង ស្របពេលដែលកំណើនសេដ្ឋកិច្ច ក្នុងតំបន់ទាំងមូលមានភាពល្អប្រសើរ មួយកម្រិតទៀតនោះ វត្តមានផ្សារទំនើបដ៏ធំមួយនេះ ​នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបំពេញតម្រូវការបញ្ជាទិញទំនិញ គ្រប់ប្រភេទរបស់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាតំបន់ជិតខាង​។ អ្វីដែល​គួរឲ្យចាប់អារម្មណ៍នោះ ដើម្បីអបអរសាទរការបើកសម្ពោធជាផ្លូវការនេះ អតិថិជននឹងទទួលបាននូវភាពរីករាយក្នុងការទិញទំនិញ បញ្ចុះតម្លៃកប់ៗតែម្ដង។

សូមបញ្ជាក់ថា ផ្សារទំនើប «Big C» មានទីតាំងស្ថិតនៅភូមិក្បាលស្ពានមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានចម្ងាយប្រមាណជាង ១គីឡូម៉ែត្រតែប៉ុណ្ណោះ ពីច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ ផ្សារទំនើបខ្នាតយក្សមួយនេះ បានបង្កើតការងាររាប់ពាន់កន្លែង ជូនដល់ប្រជាជនកម្ពុជាថែមទៀតផង៕