(ម៉ានីល)៖ ក្រុមអត្តពលិកកម្ពុជា នឹងបន្ដការប្រកួតកីឡា SEA Games លើកទី៣០ នៅហ្វីលីពីនកាន់តែច្រើននៅថ្ងៃទី០៦ ខែធ្នូនេះ ដោយមានកីឡាសរុប ១៣ប្រភេទ ហើយកាន់តែពិសេស គឺមានកីឡា ២ប្រភេទ ត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រថ្ងៃនេះ។

ចំពោះអត្តពលិក ត្រូវប្រកួតដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រថ្ងៃនេះ រួមមានកីឡាប៉េតង់ សុខ ចាន់មាន និង ញ៉ែម បូរ៉ា ត្រូវជួបក្រុមកីឡាករឡាវ លើវិញ្ញាសាវាយគូ ២នាក់ ទល់នឹង ២នាក់។ ឯមួយប្រភេទទៀត គឺកីឡាករប្រដាល់សកល ស៊ីវ សុខម៉េង ដោយត្រូវជួបកីឡាករវៀតណាម។ ទន្ទឹមជាមួយគ្នា ក៏មានកីឡាករប្រដាល់សកលកម្ពុជាម្នាក់ទៀត ត្រូវប្រកួតថ្ងៃនេះដែរ ។

ចំណែកអត្តពលិក ១១ប្រភេទកីឡាផ្សេងទៀត រួមមានកីឡាប្រដាល់គុនខ្មែរ, ហែលទឹក, យូដូ, វាយកូនឃ្លីលើតុ, បាល់ទាត់ក្នុងសាល(ប្រកួតបង្គ្រប់កិច្ច), វាយសី, ទូកក្ដោង, ហុកគី, វាយកូនគោល, អត្តពលិកកម្ពុជា និងកីឡាបាល់បោះ ៥នាក់ ទល់នឹង ៥នាក់ ដែលត្រូវធ្វើការប្រកួតជម្រុះ ដើម្បីស្វែងរកកៅអីវគ្គបន្ដ ក៏ដូចជាស្វែងរកមេដាយជូនជាតិផងដែរ ។

គួរបញ្ចាក់ថា គិតត្រឹមល្ងាចថ្ងៃទី០៥ ខែធ្នូកម្ពុជាដណ្ដើមបានមេដាយសរុប ២២គ្រឿង គឺមានមេដាយមាស ២, ប្រាក់ ៣ និងសំរឹទ្ធ ១៧ តែបានធ្លាក់មកឈរលេខ៨ ក្នុងតារាងមេដាយបណ្ដោះអាសន្នវិញ បន្ទាប់ពីក្រុមអត្តពលិកមីយ៉ាន់ម៉ាបន្ថែមមេដាយមាស ១គ្រឿងម្សិលមិញ គ្រាដែលម្ចាស់ផ្ទះហ្វីលីពីន នៅតែរក្សាកៅអីកំពូលតារាងដដែល ។ ចំពោះអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយជូនជាតិពេលនេះរួមមាន៖

• កីឡាគុនល្បុក្កតោ ឈ្នះមេដាយសរុប ២០គ្រឿង (មាស ១, ប្រាក់ ២ និងសំរឹទ្ធ ១៧)។
• កីឡាសីប៉ាក់តាក្រ ឈ្នះមេដាយប្រាក់ ១ គ្រឿង លើវិញ្ញាសាសីកន្ត្រក់ (នៅមានប្រកួតបន្ដ)។
• កីឡាប៉េតង់ ឈ្នះមេដាយមាស ១ គ្រឿង (នៅមានការប្រកួតបន្ដ)៕