(ម៉ានីល)៖ ក្រុមបាល់ទះជម្រើសជាតិក្នុងសាលកម្ពុជា បានយកឈ្នះក្រុមបាល់ទះវៀតណាម ដោយលទ្ធផល ៣-២សិត ក្នុងជំនួបបញ្ចប់ពូល B នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីនកាលពីល្ងាចមិញ ហើយលទ្ធផលនេះ បានធ្វើឲ្យក្រុមបាល់ទះកម្ពុជា បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុងពូល ដោយឈរលើវៀតណាមទៀតផង។

ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីក្រុមបាល់ទះកម្ពុជា បានផ្ដួលក្រុមបាល់ទះវៀតណាម គេឃើញជ័យជម្នះនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្របាល់ទាត់កម្ពុជា ស្របពេលក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២២ឆ្នាំកម្ពុជា ក៏ត្រូវជួបក្រុមជម្រើសជាតិ U22 វៀតណាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាយប់ថ្ងៃទី០៧ ខែធ្នូស្អែកនេះផងដែរ។

ទោះបីក្រុមបាល់ទះកម្ពុជា មិនអាចឡើងវគ្គបន្ដក៏ពិតមែន ប៉ុន្ដែតាមរយៈជ័យជម្នះខាងលើ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួន ចាត់ទុកជាសញ្ញាវិជ្ជមាន ក្នុងការជំរុញ និងលើកទឹកចិត្តដល់ក្រុមគោព្រៃកម្ពុជា ដែលត្រូវតតាំងជាមួយក្រុម U22 វៀតណាមនាថ្ងៃស្អែករហូតមានអ្នកខ្លះ បានបញ្ចេញមតិថា ក្រុមបាល់ទាត់ U22 កម្ពុជា ក៏អាចធ្វើបានដូចក្រុមបាល់ទះកម្ពុជាដែរ ដើម្បីសាងប្រវត្តិសាស្ដ្រថ្មីឡើងវគ្គផ្ដាច់ព្រ័ត្រទៀតផង ។

គួរបញ្ជាក់ថា ក្រុមបាល់ទះជម្រើសជាតិក្នុងសាលកម្ពុជា បានឈរលេខ៣ ក្នុងពូល B ក្រោយឆ្លងកាត់ ៣ប្រកួត ឈ្នះ ១ និងចាញ់ ២ ប៉ុន្ដែទោះបីអស់ឱកាសឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្ដី ក៏ក្រុមបាល់ទះកម្ពុជា នៅសល់ ១ប្រកួតទៀត ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៥ ដែរ ដោយកម្ពុជា ត្រូវឈរចាំវៀតណាម ប៉ះសិង្ហបុរី ដែលជាក្រុមបាតតារាងពូល A និងពូល B ហើយក្រុមឈ្នះ នឹងឡើងមកជួបកម្ពុជា នាថ្ងៃទី១០ ខែធ្នូ ។

ក្រឡេកមកចាប់អារម្មណ៍ក្រុមបាល់ទាត់វិញ U22 កម្ពុជា នឹងត្រូវប៉ះក្រុម U22 វៀតណាម នាវេលាម៉ោង ៧យប់ស្អែកនេះ(ម៉ោងនៅកម្ពុជា) បន្ទាប់ពីចប់ការប្រកួតរវាងក្រុម U22 មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ដែលត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។ ចំពោះការប្រកួតក្នុងវគ្គដ៏សំខាន់ ដែលកំណត់ត្រាប្រវត្តិសាស្ដ្ររបស់កម្ពុជានេះ ក៏នឹងមានផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាសផងដែរ៕