(ម៉ានីល)៖ ក្រុមអត្តពលិកកម្ពុជា ១២ប្រភេទកីឡា នឹងបន្ដការប្រកួតនៅថ្ងៃសោរ៍នេះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ស្របពេលកម្ពុជាដណ្ដើមបានមេដាយសរុប ២៣គ្រឿង(មាស ២, ប្រាក់ ៤ និងសំរឹទ្ធ ១៧) គិតត្រឹមល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជានាយបេសកកម្ម បានឲ្យដឹងថា អត្តពលិកកម្ពុជា ត្រូវប្រកួតថ្ងៃនេះរួមមានកីឡាហែលទឹក, កីឡា Kick Boxing, កីឡាទូកក្ដោង, ហុកគី, សូហ្វតិន្នីស, បាល់ទាត់(U22), អត្តពលកម្ម, បាល់បោះ, បេស្បល, ការ៉ាតេដូ, តេក្វាន់ដូ និងប្រដាល់សកល ។

លោកបន្ដថា ក្នុងចំណោម ១២ប្រភេទកីឡាខាងលើ គឺមានកីឡាមួយចំនួន ត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក៏មានកីឡាខ្លះ បានទទួលមេដាយសំរឹទ្ធហើយដែរ ដែលរងចាំថ្ងៃបំពាក់មេដាយប៉ុណ្ណោះ ។ ចំពោះកីឡាត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រថ្ងៃនេះ មានដូចជាបាល់ទាត់ ដោយក្រុម U22 កម្ពុជា ត្រូវជួបវៀតណាម ប្រដាល់សកល និងប្រដាល់គុនខ្មែរជាដើម ។

ចំពោះប្រដាល់សកលកម្ពុជាពេលនេះ គឺរកបានមេដាយសំរឹទ្ធ ២ គ្រឿងហើយ ដោយកីឡាករ សៅ រង្សី និងកីឡាករ ស៊ីវ សុងម៉េង បន្ទាប់ពីបរាជ័យក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈអត្តពលិក ៣រូបទៀត រួមមានកីឡាករ យ៉ុន តារ័ត្ន, កីឡាការិនី នូវ ស្រីពៅ និងកីឡាការិនី វី ស្រីខួច គឺត្រៀមប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាថ្ងៃទី០៨ ខែធ្នូស្អែក ។ ចំណែកប្រដាល់គុនខ្មែរ ក៏បានកក់មេដាយសំរឹទ្ធ ២ ដោយរង់ចាំការប្រកួតវគ្គបន្ដផងដែរ ។

គិតត្រឹមល្ងាចថ្ងៃសុក្រម្សិលមិញ កម្ពុជាគឺដណ្ដើមបានមេដាយសរុប ២៣គ្រឿង រួមមានមេដាយមាស ២, ប្រាក់ ៤ និងសំរឹទ្ធ ១៧ នៅក្នុងព្រឹត្តិការណ៍ SEA Games 2019 ដែលដណ្ដើមបានដោយអត្តពលិក៖

• កីឡាគុនល្បុក្កតោ ប្រកួតកីឡា Arnis ដណ្ដើមបានមេដាយសរុប ២០គ្រឿង(មាស ១, ប្រាក់ ២ និងសំរឹទ្ធ ១៧) ។
• កីឡាប៉េតង់ ឈ្នះមេដាយសរុប ២គ្រឿង(មាស ១ និងប្រាក់ ១) ។
• កីឡាសីប៉ាក់តាក្រ ដណ្ដើមបានមេដាយប្រាក់ ១ ។

 គួរបញ្ជាក់ថា មកទល់ពេលនេះ ព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន នៅហ្វីលីពីនេះ បានដំណើរការប្រកួតរយៈពេល ៦ថ្ងៃមកហើយ ខណៈនៅសល់ ៥ថ្ងៃទៀតនឹងបញ្ចប់ ហើយកម្ពុជាក៏នៅសល់អត្តពលិកជាច្រើន ត្រូវបន្ដការប្រកួតផងដែរ ពិសេសកីឡាមានសក្ដានុពលមួយចំនួន ដែលកម្ពុជារំពឹងដណ្ដើមបានមេដាយមាសបន្ថែម៕