(ភ្នំពេញ)៖ កញ្ញា សំណាង អេលីណា ដែលជាបេក្ខនារីតំណាងកម្ពុជា ក្នុងកម្មវិធី «Miss Universe» បានបញ្ចេញសកម្មភាពយ៉ាងលេចធ្លោរជាមួយនឹងឈុតសម្លៀកបំពាក់គ្រប់ទម្រង់។ អ្វីដែលសំខាន់ កាលពីយប់មិញនេះជាកម្មវិធីដើរបង្ហាញម៉ូដ ក្នុងព្រឹត្តការណ៍ប្រកួតសម្រស់ Miss Universe 2019 ដែលមានឈុតរាត្រីសមោសរ និងឈុតហែលទឹក បង្ហាញដោយបេក្ខនារីមកពីជាង៩០ ប្រទេសលើពិភពលោក។ ក្នុងនោះគេសង្កេតឃើញ បវកញ្ញាចក្រវាលតំណាងឲ្យកម្ពុជា កញ្ញា សំណាង អេលីណា ធ្វើបានល្អបំផុត ទាំងកាយវិការ និងទឹកមុខនៅលើឆាកដ៏ធំ ប្រកបដោយភាពជឿជាក់បំផុត។

ជាការពិតបវរកញ្ញា សំណាង អេលីណា បានបង្ហាញខ្លួនយ៉ាងមានទំនុកចិត្ត ប្រកបដោយភាពជឿជាក់ ជាមួយនឹងស្នាមញញឹមផុសចេញពីបេះដូង ធ្វើឲ្យកញ្ញាកាន់តែលេចធ្លោ។ ជាមួយគ្នានេះ រឿន ណាត បានបង្ហាញខ្លួនជាមួយនឹងឈុតសម្លៀកបំពាក់ផ្សេងៗគ្នា ដោយក្នុងនោះមានដូចជា ឈុតពេលណែនាំខ្លួន និងឈ្មោះប្រទេសកម្ពុជា, ឈុតហែលទឹកយ៉ាងសិចស៊ី និងឈុតរាត្រីសមោសរ ដែលឈុតនីមួយៗគឺលេចធ្លោរ ស័ក្តសមនឹងកញ្ញាជាខ្លាំង។

យ៉ាងណាមិញជាមួយនឹងការបង្ហាញខ្លួន និងបោះជំហាន ដើរប្រកបដោយភាពជឿជាក់ ព្រមទាំងស្វាហាប់ ក្នុងទឹកមុខពោរពេញដោយញញឹមស្រស់ស្រាយ កាន់តែធ្វើឲ្យអ្នកគាំទ្រកម្ពុជារំភើបចិត្ត និងកោតសរសើរដល់បវកញ្ញាកម្ពុជា កញ្ញា សំណាង អេលីណា យ៉ាងខ្លាំង។

គួរបញ្ជាក់ថា កាលពីយប់មិញនេះ គឺជាវគ្គប្រកួតបឋម សម្រាប់បេក្ខនារីតំណាងប្រទេសជុំវិញពិភពលោកបង្ហាញខ្លួន ខណៈដែលរាត្រីគ្រងមកុដក្នុងកម្មវិធី Miss Universe 2019 គឺធ្វើឡើងនៅថ្ងៃទី08 ខែធ្នូ នេះហើយ៕