(ភ្នំពេញ)៖ ពិតណាស់ តារាចម្រៀងប្រុសលោក ប៊ុត សីហា ត្រូវបានមហាជនដឹងថា ទទួលរងនូវរឿងអាស្រូវជាច្រើន ចាប់តាំងពីផ្តើមចូលសិល្បៈដំបូងរហូតមកទល់នឹងពេលនេះ។ ជាក់ស្តែង ថ្មីៗនេះលោកត្រូវគេទម្លាយថា បានបោកគ្រាប់បែក មិនចូលរួមច្រៀងក្នុងកម្មវិធី «អំបុកសន្តិភាព» ឡើយ។ តែយ៉ាងណាតារាប្រុសរូបនេះហាក់មិនខ្វល់ខ្វាយនោះទេ ស្រាប់តែពេលនេះបញ្ចេញបទចម្រៀងថ្មីធ្វើព្រងើយ ហើយទទួលការគាំទ្រច្រើនទៀតផង។

ជាការកត់សម្គាល់ លោក ប៊ុត សីហា ត្រូវបានមហាជនដឹងថា ជាតារាចម្រៀងក្នុងផលិតកម្ម មរតកមេឌៀ ប៉ុន្តែចម្រៀងថ្មីចុងក្រោយដែលបញ្ចេញក្នុងខែធ្នូនេះ មានចំណងជើងថា «ចេះតែខ្លាច» ត្រូវបានបញ្ចេញក្នុងផលិតកម្មយ៉ូប ដែលជាផលិតកម្មដៃគូរជាមួយ មរតកមេឌៀ។

បទនេះចេញទើបតែបាន១ថ្ងៃសោះ មាននាក់ស៊ែជាង១ម៉ឺននាក់ និងមានចំនួនអ្នកចូលស្តាប់ ដល់ទៅជាង៤០ម៉ឺនដង ឬស្មើនឹង៤០០K ទៅហើយ។ គេសង្កេតឃើញថា ផលិតកម្មនេះចេញបទឲ្យតារាចម្រៀងគ្រប់រូប គឺសុទ្ធតែផ្ទុះទាំងអស់ពិសេស គឺបទលោក ប៊ុតសីហា តែម្តង។ ទោះលោកមានរឿងអាស្រូវច្រើនយ៉ាងណាក៏ដោយ។

បើតាមការបង្ហាញពីលោក ឈួន សុខលីម ដែលជានាយកគ្រប់គ្រងនៅផលិតកម្មនេះ បានឲ្យដឹងថា ប៊ុត សីហា នឹងមានបទឆ្លើយឆ្លងជាមួយខ្មែរសុរិន គឺលោក ស៊ុងសែង ដែលជាម្ចាស់បទ «កូនប្រសារលួចមាន់» និង នាងមន្តត្រា រំដួលសុរិន ម្ចាស់បទ «នាងឃ្លានសុីចេក»។ ខណៈបច្ចុប្បន្នកំពុងតែថត MV និងចេញនៅខែក្រោយនេះ៕