(សៀមរាប)៖ នៅថ្ងៃសោរ៍នេះ គេឃើញអ្នកចុះឈ្មោះចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៤ នៅមុខអង្គរវត្ត បានសម្រុកមកទទួលសម្ភារៈកាន់តែច្រើន ដើម្បីត្រៀមរត់នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩។ ការផ្ដល់សម្ភារៈនេះមានរយៈពេល ៣ថ្ងៃ នៅសណ្ឋាគារ Courtyard Marriott ខណៈថ្ងៃនេះ គឺជាថ្ងៃចុងក្រោយ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានថ្លែងថា នៅថ្ងៃទី៣ នៃការផ្ដល់សម្ភារៈនេះ គឺមានភ្ញៀវបរទេសជាច្រើនបានមកទទួល ស្របពេលកំណើនអ្នកចូលរួមឆ្នាំនេះ បានកើនឡើងដល់ជាង ១២,៣០០នាក់ មកពី ៨៥ប្រទេសលើពិភពលោក បើធៀបនឹងឆ្នាំ២០១៨ គឺមានការឡើងប្រមាណ ២០% ក្នុងនោះក៏មានប្រជាពលរដ្ឋខ្មែរទូទាំងរាជធានី-ខេត្តជាង ៧,០០០នាក់ចូលរួមផងដែរ។

លោកបានចាត់ទុកកំណើនអ្នកចូលរួមឆ្នាំនេះ គឺជាជោគជ័យថ្មីមួយទៀត ដើម្បីឈានទៅរកភាពល្បីល្បាញលើពិភពលោក ។ លោកថា «តាមរយៈភាពរីកចម្រើនយ៉ាងឆាប់រហ័យនៃព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ បានធ្វើចក្ខុវិស័យ និងទិសដៅរបស់ក្រសួងទេសចរណ៍ ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺកំពុងទទួលបានជោគជ័យជាបណ្ដើរៗហើយឈានទៅដល់កម្រិតល្បីល្បាញទូទាំងពិភពលោកកាន់តែខ្លាំងថែមទៀតនាថ្ងៃខាងមុខ»

ចំពោះភ្ញៀវបរទេស ដែលចូលរួមរត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ ច្រើនជាងគេរួមមានទី១-អង់គ្លេស ទី២-ជប៉ុន ទី៣-អាមេរិក និងទី៤-បារាំង ។ លោកថា ការចូលរួម និងកំណើនភ្ញៀវបរទេសជារៀងរាល់ឆ្នាំនេះ មិនមែនជារឿងចៃដន្យឡើយ គឺដោយសារពួកគេឃើញកម្ពុជាមានសន្ដិភាព និងការអភិវឌ្ឍន៍ ពិសេសការរៀបចំស្របតាមស្ដង់ដារអន្ដរជាតិ មានការយកចិត្តទុកដាក់ខ្ពស់លើភ្ញៀវទេសចរ និងការផ្ដល់នូវសុវត្ថិភាព សម្រាប់ការចូលរួមទៀតផង។

ទន្ទឹមជាមួយគ្នាលោក Dayton Riddle ដែលធ្វើដំណើរពីសហរដ្ឋអាមេរិក មកចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ខាងលើ បានសម្ដែងការភ្ញាក់ផ្អើល និងរីករាយជាខ្លាំង ក្រោយបានចូលរួមកម្មវិធីនេះ ។ លោកថា នេះគឺជាលើកដំបូងហើយ ដែលខ្លួនរត់ពាក់កណ្ដាលម៉ារ៉ាតុង ហើយមករត់នៅខេត្តសៀមរាបនេះ បន្ទាប់ពីមានការណែនាំពីមិត្តភាព ។ តែលោកពិតជាភ្ញាក់ផ្អើល បន្ទាប់ពីឃើញភាពរីកចម្រើនរបស់កម្ពុជា ហើយមានការរៀបចំព្រឹត្តិការណ៍ដ៏ធំបែបនេះ ពិសេសគឺរៀបចំនៅកន្លែងដ៏អស្ចារ្យ គឺប្រាសាទអង្គរវត្ត ។

គួរបញ្ជាក់ថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ គឺមាន ៤វិញ្ញាសារួមមានរត់ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ ។ គោលបំណង នៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីធ្វើពិពិតកម្មកីឡា និងផ្សព្វផ្សាយពីតំបន់ទេសចរប្រវត្តិសាស្ដ្រកម្ពុជា ទាក់ទាញកំណើនទេសចរ និងផ្សាភ្ជាប់ជាមួយការងារសង្គម ដោយថវិកាទទួលបានពីការរៀបចំ នឹងត្រូវបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារ កាកបាទក្រហមកម្ពុជា អង្គការកុមារកំព្រា និងជនពិការដោយសារគ្រាប់មីនជាដើម៕