(ភ្នំពេញ)៖ អតីតបេក្ខនារីក្នុងកម្មវិធីប្រឡងមច្រៀងលំដាប់ថ្នាក់ពិភពលោក អ៊ុក សុវណ្ណារី គឺមានទស្សនិកជនច្រើនណាស់ ដែលស្គាល់ក្មេងស្រីរូបនេះ ព្រោះបច្ចុប្បន្ននាងជាតារាចម្រៀងពន្លកថ្មីមួយរូប ដែលមានទេពកោសល្យខ្ពស់ក្នុងការបកស្រាយចម្រៀង ជាពិសេស គឺមានទឹកដមពិរោះរណ្តំ ពេលបកស្រាយបទមរតកដើមតែម្តង។ តើតារាស្រីវ័យក្មេងរូបនេះ មានភាពខុសគ្នាដូចម្តេចទៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស មុន និងក្រោយ ចូលប្រឡងចម្រៀង។

ពិតណាស់ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ថ្មីៗនេះ តារាវ័យក្មេងម្ចាស់បទ «ខ្ញុំក្លាយជាអ្នកជំងឺស្នេហា» រូបនេះ បានបង្ហាញនូវភាពខុសប្លែកគ្នាមួយចំនួន រវាងមុន និងក្រោយពេលចូលប្រឡងចម្រៀងលំដាប់ពិភពលោកខាងលើ។ អ៊ុក សុវណ្ណារី បាននិយាយថា កាលដែលមិនទាន់ចូលប្រឡងក្នុងកម្មវិធី «The Voice Kids Cambodia» គឺមិនសូវមានទស្សនិកជនស្គាល់ច្រើននោះទេ ទោះបីជាធ្លាប់ប្រឡងចម្រៀងក្នុងកម្មវិធីកន្លងមកក៏ដោយ។ និយាយដល់ចំណុចនេះ អ៊ុក សុវណ្ណារី បន្តថាមុនចូលប្រឡងក្នុងកម្មវិធី «The Voice Kids Cambodia» នាងក៏ធ្លាប់ចូលប្រឡងក្នុងកម្មវិធីមួយផ្សេងទៀតដែរ មានឈ្មោះថា «ទេពកោសល្យកុមារ» ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ ETV.

កុមារីសំឡេងមានទឹកដមត្រូវគ្រប់ចម្រៀងបុរាណ-សម័យ រូបនេះ បានបន្ថែមថា ក្រោយពីបានប្រឡងក្នុងកម្មវិធីលំដាប់ពិភពលោក «The Voice Kids Cambodia» គឺមានទស្សនិជនច្រើនដែលស្គាល់រូបនាង ពោលគឺស្គាល់ទាំងសមត្ថភាព ទឹកដមសំឡេង និងមុខមាត់ជាដើមនេះ។ ដោយគ្រាន់តែបញ្ចប់ការប្រឡង គឺមានផលិតកម្មចំនួនពីរទាក់ទងឲ្យចុះកុងត្រា ធ្វើតារាចម្រៀងប្រចាំផលិតកម្មរបស់ខ្លួន រហូតមកទល់នឹងបច្ចុប្បន្នសម្រេចធ្វើជាតារាចម្រៀងក្នុងផលិតម្ម Galaxy Navatra ដែលជាផលិតកម្មកំពុងពេញនិយមមួយរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា។

គួរជម្រាបថា កុមារី អ៊ុក សុវណ្ណារី ហេតុតែមានចិត្តស្រឡាញ់វិស័យសិល្បៈ ទោះដំបូងឡើយឪពុកម្តាយមិនឲ្យចូលសិល្បៈក្តី តែនាងនៅតែជំនះ​ រហូតបានក្លាយជាតារាចម្រៀងអាជីព។ ដំបូងឡើយឪពុកម្តាយនាង ជំទាស់ដោយប្រកាន់ថា សុវណ្ណារី នៅក្មេង គួរគិតគូររឿងរៀនសូត្រជាដើម។ មិនថ្វីទេ បច្ចុប្បន្ន សុវណ្ណរី កំពុងសិក្សាបណ្តើរ និងជាតារាចម្រៀងបណ្តើរ តែនាងអាចបែកចែកពេលវេលាធ្វើយ៉ាងណាមិនឲ្យប៉ះពាល់ដល់ការរៀនសូត្រឡើយ៕