(ភ្នំពេញ)៖ ផលិតកម្ម Galaxy Navatra បានបញ្ចេញស្នាដៃភាពយន្តលើកទី២របស់ខ្លួន មានចំណងជើងថា «កុំងាកក្រោយ» ដែលជាភាពយន្តបែបភ័យរន្ធត់តក់ស្លុត ព្រឺព្រួច ក្រោមការដឹកនាំសម្ដែងដោយផលិតករវ័យក្មេង លោក ចាន់ណា រ៉ូណាន់។ ស្របពេលជាមួយនឹងការបញ្ចេញស្នាដៃលើកទី២នេះ ផលិតកម្ម Galaxy Navatra នឹងប្រកាសបញ្ចាំងទូទាំងប្រទេសព្រមគ្នាតែម្ដង ដើម្បីឆ្លើយតបនឹងការចង់តាម​​ដានទស្សនា របស់ទស្សនិកជន។

លោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅក្នុងផលិតកម្ម​ Galaxy Navatra បានថ្លែងប្រាប់ថា ភាពយន្តរឿង «កុំងាកក្រោយ» នឹងចាក់បញ្ចាំងគ្រប់រោងភាពយន្តព្រមគ្នា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នេះ ហើយមិនត្រឹមតែអ្នកភ្នំពេញទេ ដែលបានទស្សនា ពោលគឺរោងភាពយន្តតាមខេត្តដូចជាខេត្ត បាត់ដំបង​-​សៀមរាប​-​ព្រះសីហនុ​-​បន្ទាយមានជ័យ-ប៉ោយប៉ែត-តំបន់អ្នកលឿង​-​ស្វាយរៀង និងខេត្ត កំពង់ចាម ក៏អាចទស្សនាព្រមៗគ្នាដែរ។​

យ៉ាងណាមិញ លោកទទូចដល់មហាជនទាំងអស់ ចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីជួយលើកស្ទួយភាពយន្តខ្មែរ នឹងជាការផ្ដល់នូវកម្លាំងចិត្ត​យ៉ាងធំធេង ដល់ផលិតករ ក្នុងការផលិតភាពយន្ត ដាក់បញ្ចាំងលើទីផ្សារ នៅលើកក្រោយៗបន្តទៀត៕