(ម៉ានីល)៖ កីឡាការិនីជឺជិតស៊ូដ៏ឆ្នើមរបស់កម្ពុជា កញ្ញា ខាន់ ចេសា បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីទម្លាក់កីឡាការិនីវៀតណាម និងសិង្ហបុរី ដោយលទ្ធផល ១០០-០ពិន្ទុ និង១៨-០ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ។

លោក វ៉ាត់ ចំរើន នាយបេសកកម្មកីឡាស៊ីហ្គេមរបស់កម្ពុជា បានឱ្យដឹងពីប្រទេសហ្វីលីពីនថា កីឡាការិនីកូនកាត់អាមេរិក កញ្ញា ខាន់ ចេសា បានឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ដោយរង់ចាំការប្រកួតគ្នារវាងកីឡាការិនីហ្វីលីពិន និងឥណ្ឌូនេស៊ី។

គួរបញ្ជាក់ថា កញ្ញា ខាន់ ចេសា ប្រកួតលើវិញ្ញាសាទម្ងន់ ៤៩គីឡូក្រាម ដែលជាវិញ្ញាសាកីឡាការិនីវ័យ ១៧ឆ្នាំរូបនេះ ធ្លាប់ដណ្ដើមបានមេដាយមាសកីឡាអាស៊ី លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៨៕