(ម៉ានីល)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២២ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U22 មីយ៉ាន់ម៉ា ដើម្បីដណ្ដើមមេដាយសំរឹទ្ធនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន នាវេលាម៉ោង ៣រសៀលនេះ(ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Rizal Memorial នាទីក្រុងម៉ានីល។

នេះគឺជាការប្រកួតដ៏សំខាន់ ដោយគោព្រៃកម្ពុជា ត្រូវការឈ្នះដាច់ខាត ដើម្បីសាងប្រវត្តិសាស្ដ្រថ្មី គឺការឈ្នះមេដាយសំរឹទ្ធលើកដំបូង បន្ទាប់ពីបំបែកកំណត់ត្រា ៦០ឆ្នាំឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងកាលពីថ្មីៗ ។ មួយវិញទៀត វាក៏ជាឱកាសសងសឹក ដើម្បីបង្កើនប្រជាប្រិយភាពផងដែរ ដ្បិតកាលពីជួបគ្នាក្នុងពូល A ក្រុម U22 កម្ពុជា បានចាញ់ក្រុម U22 មីយ៉ាន់ម៉ា ២-១។

ទន្ទឹមជាមួយការប្រកួតវគ្គដ៏សំខាន់នេះ សមាជិកក្រុមរបស់គោព្រៃកម្ពុជា សុទ្ធតែមានការតាំងចិត្ត ឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់បំផុត ដើម្បីដណ្ដើមមេដាយសំរឹទ្ធជូនជាតិ ។ តួយ៉ាងកីឡាករ កែវ សុខផេង ក្រោយមានការរិះគន់របស់ជនមួយក្រុម ហើយត្រូវបានអ្នកគាំទ្រភ្លូកទឹកភ្លូកដីផ្ញើសារលើកទឹកចិត្ត រូបគេបានអះអាងថា បានត្រៀមខ្លួនជាស្រេច ដើម្បីតតាំងជាមួយមីយ៉ាន់ម៉ា និងដណ្ដើមជ័យជម្នះឲ្យខានតែបាន ។

គួរបញ្ជាក់ថា ទោះបីក្រុមគោព្រៃកម្ពុជា មិនអាចឡើងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស ឬប្រាក់ តែកម្ពុជាបានសាងប្រវត្តិសាស្ដ្រមួយរួចមកហើយ ក្នុងការដណ្ដើមបានកៅអីវគ្គ ៤ក្រុមចុងក្រោយ ដែលធ្វើឲ្យអ្នកគាំទ្រទូទាំងប្រទេសបង្ហាញការសប្បាយចិត្ត ហើយរំពឹងពួកគេនឹងបន្ដធ្វើឲ្យកាន់តែល្អក្នុងការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ឬមេដាយសំរឹទ្ធ ជាមួយក្រុមជម្រើសជាតិ U22 មីយ៉ាន់ម៉ា នាវេលាម៉ោង ៣រសៀលនេះ៕