(ភ្នំពេញ)៖ ប្រធានគណៈកម្មការ រៀបចំការប្រកួតប្រជែងសម្រស់អន្តរជាតិ «Miss Grand International» ក៏ដូចជាជយលាភីលេខ១ កញ្ញាឯកក្នុងព្រឹត្តិការណ៍ «Miss Grand International» ឆ្នាំ២០១៩ បានធ្វើដំណើរមកកម្ពុជា នឹងបានធ្វើការប្រគល់សិទ្ធិជូនក្រុមហ៊ុន «មហាហង្ស» ដើម្បីទទួលជ្រើសរើសតំណាង ចេញទៅប្រកួតរយៈពេល៤ឆ្នាំ ជាប់ៗគ្នា ខណៈនៅឆ្នាំ២០១៩នេះ ​ប្រទេសវេណេហ្ស៊ូឡា បានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតប្រជែងនេះ។ ​

ប្រធានគណៈកម្មការ Miss Grand International លោក Nawat បានប្រកាសជាផ្លូវការ ប្រគល់សិទ្ធិឲ្យផលិតកម្ម មហាហង្ស ក្លាយជាក្រុមហ៊ុនទទួលសិទ្ធិជ្រើសរើសស្រីស្អាត Miss Grand Cambodia រយៈពេល៤ឆ្នាំ គឺចាប់ពីឆ្នាំ ២០២០ដល់ឆ្នាំ២០២៣។ លោកប្រាប់មូលហេតុថា ហេតុផលនៃការដកសិទ្ធិពីក្រុមហ៊ុនមុន គឺដោយសារតែ ក្រុមហ៊ុនមុន មិនបានបញ្ជូន Miss Grand Cambodia ឆ្នាំ២០១៩ ទៅប្រកួតនៅវេណេហ្ស៊ូឡា​។ លោកថា​ក្រុមហ៊ុនមហាហង្សជំនាញលើទីផ្សារ និងមានស្នាដៃច្រើនលើវិស័យភាពយន្ត និង កិច្ចការសប្បុរសធម៌ ទើបលោកទុកចិត្ត និងធ្វើការប្រគល់សិទ្ធិជូននៅពេលនេះ។

ដោយឡែកក្រោយពីទទួលបានសិទ្ធិ ក្នុងការជ្រើសរើសកញ្ញាឯករយៈ​ពេល៤ឆ្នាំហើយនោះ លោក អុិន សុភិន អគ្គនាយកក្រុមហ៊ុនមហាហង្ស បានថ្លែងថា ការប្រកួតជ្រើសរើស​បេក្ខភាពកញ្ញាឯក នឹងត្រូវចាប់ផ្ដើមពីខែកុម្ភៈ ដើមឆ្នាំ២០២០នេះតទៅ ដោយនឹងជ្រើសយកអ្នកលេខ១ តំណាងខេត្តក្រុងនីមួយៗ រួចហើយទើបប្រឡង ជ្រើសរើសធំ ដើម្បីស្វែងរកស្រីស្អាតម្នាក់ ដែលស្អាតមានចំណេះដឹង ឲ្យចេញតំណាងកម្ពុជា ទៅប្រកួតលើឆាក អន្តរជាតិ។

អគ្គនាយកក្រុមហ៊ុនមហាហង្សរូបនេះ បានបន្ថែមថា គណកម្មការអន្តរជាតិ នឹងបញ្ជូនអ្នកជំនាញឲ្យមកបង្វឹក ដល់បេក្ខភាពរបស់យើង នៅពេលដែលរកឃើញអ្នកទទួលជ័យលាភី ដើម្បីឲ្យមានការយល់ដឹងកាន់តែច្រើន បន្ថែមទៀត ក្នុងការដើរម៉ូដ របៀបនៃការដើរ បែបបទនៃការប្រកួត និងការបង្ហាញឈុតផ្សេងៗក្នុងពេលប្រកួត ទើបធ្វើឲ្យលោកមិនមានការភ័យព្រួយអ្វីឡើយ សម្រាប់បេក្ខនារីតំណាងប្រទេសយើង ចេញទៅប្រកួតនៅក្រៅ​ប្រទេស៕