(ម៉ានីល)៖ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិ U22 កម្ពុជា បានថ្លែងលើកទឹកចិត្តកីឡាករ កែវ សុខផេង ដោយនិយាយថា បើគ្មានការរកបានគ្រាប់បាល់ហ្វ្រីឃីតដ៏អស្ចារ្យ ដើម្បីតាមស្មើក្រុម U22 មីយ៉ាន់ម៉ា ក៏គ្មានការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ក្នុងវគ្គដណ្ដើមមេដាយសំរឹទ្ធ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីម្សិលមិញដែរ។

ការថ្លែងបែបនេះ គឺបន្ទាប់ពីកីឡាករ កែវ សុខផេង ធ្វើមិនបានសម្រេចការទាត់គ្រាប់ទី៥ ក្នុងការទាត់ប៉េណាល់ទីកាត់សេចក្ដី ធ្វើឲ្យក្រុមគោព្រៃកម្ពុជា ចាញ់មីយ៉ាន់ម៉ា ក្នុងលទ្ធផល ៤-៥ បន្ទាប់ពីប្រកួត ៩០នាទីស្មើគ្នា ២-២ កាលពីល្ងាចមិញ។ ភ្លាមៗ សុខផេង បានបង្ហាញនូវការសោកស្ដាយ និងឈឺចាប់បំផុត ដែលខ្លួនមិនអាចរក្សាឱកាសប្រជែងមេដាយសម្រាប់ក្រុម ។ តែយ៉ាងណាក៏គ្មានការបន្ទោសពីគ្រូ ឬមិត្តរួមក្រុមឡើយ។

លោក Felix បាននិយាយថា «ខ្ញុំនិយាយស្មោះត្រង់ជាមួយយើង បើយើងទាត់ហ្វ្រីឃីតដ៏ល្អ និងអស្ចារ្យចូលទី យើងក៏អត់អាចបានទាត់ប៉េណាល់ទីដែរ។ បើសិនយើងអត់អាចទាត់ចូល ៣គ្រាប់ពេលលេងក្នុងពូល ប្រហែលក៏យើងគ្មានវាសនាដល់វគ្គនេះដែរ។ គ្រប់គ្នាទាំងអស់ សុទ្ធតែអាចទាត់ប៉េណាល់ទីអត់ចូល គ្រាន់តែយើងរៀនសូត្រពីវា រៀនឲ្យច្បាស់ហើយ យើងនឹងធ្វើបានល្អប្រសើរជាងនេះ ហើយបន្ដទៅមុខទៀត»

បន្ថែមលើនេះ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដដែល ក៏បានបង្ហាញនូវសុទិដ្ឋិនិយម ចំពោះក្រុមទាំងមូល ដែលអាចរក្សាបាននូវភាពរីកចម្រើនជាវិជ្ជមាន ហើយលោកសង្ឃឹមថា នៅឆ្នាំក្រោយៗ កម្ពុជានឹងអាចប្រកួតប្រជែងកាន់តែខ្លាំងថែមទៀត បើសិនកីឡាករម្នាក់ៗ រក្សាការខិតខំប្រឹងប្រែងបន្ដ។ មិនតែប៉ុណ្ណោះ លោកក៏បានបង្ហាញនូវមោទនភាព ដើម្បីធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាផងដែរ។

លោកថា «និយាយពិត និងស្មោះត្រង់ទៅ ខ្ញុំពិតជាមានមោទនភាពមែនទែន ដែលបានធ្វើគ្រូពួកយើង។ ក្នុងពានរង្វាន់នេះ គេដឹងពីរបៀបនៃការលេងរបស់យើង គេដឹងនូវអ្វីដែលយើងចង់លេង។ មានគេសួរតើឆ្នាំក្រោយ កម្ពុជាអាចប្រកួតប្រជែងលើក្រុមខ្លាំងៗទៀតបានអត់? វាអាស្រ័យលើពួកយើង តើពួកយើងអាចធ្វើបានអត់? បើសិនពួកយើងធ្វើការងារខ្លាំង ប្រាកដណាស់ថា ពួកយើងអាចប្រកួតប្រជែងបានខ្លាំងជាងនេះទៀត»

គួរបញ្ជាក់ថា ក្រោយបញ្ចប់បេសកកម្មប្រកួតក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះ ក្រុមគោព្រៃកម្ពុជា គ្រោងនឹងធ្វើដំណើរមកដល់មាតុភូមិវិញ នាថ្ងៃទី១៣ ខែធ្នូខាងមុខ ក្រោយដណ្ដើមបានចំណាត់ថ្នាក់លេខ៤ ជាប្រវត្តិសាស្ដ្រ។ ចំពោះពិធីបិទការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីនវិញ នឹងប្រារព្ធពិធីបិទ នៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នេះ។

សូមជំរាបថា ក្រុមអត្តពលិកកម្ពុជាបានឈ្នះមេដាយសរុបពី SEA Games 2019 ចំនួន៤៦គ្រឿង បើប្រៀបធៀប SEA Games លើកទី២៩ ឆ្នាំ២០១៧ នៅទីក្រុងកូឡាឡាំពួរ កម្ពុជាទទួលបានមេដាយ ត្រឹមតែចំនួន១៧គ្រឿងប៉ុណ្ណោះ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ឝិតមកត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ដែលជាថ្ងៃបញ្ចប់ការប្រកួតក្នុងព្រិត្តិការណ៍ The 30th SEA GAMES 2019 កម្ពុជាយើងទទួលបានមេដាយសរុប ចំនួន៤៦ក្នុងនោះ, មេដាយ មាស៤គ្រឿង ប្រាក់៦គ្រឿង សំរិទ្ធ៣៦គ្រឿង ដោយស្ថិតក្នុងចំណាត់ថ្នាក់ទី៨ ចំណោម១១ប្រទេស គឹនៅលើ ទីម័រឡេស្តេ ឡាវ ប្រុយណេ៕