(អូទ្រីស)៖ ក្រុមការពារតំណែងជើងឯកក្រុម Liverpool បានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់បាល់ទាត់អឺរ៉ុប UEFA Champions League 2019-2020 ក្រោយយកឈ្នះក្រុម Salzburg ក្នុងលទ្ធផល ២-០ ក្នុងប្រកួតទី៦ប្រចាំពូល E ខណៈក្រុមលេខ២ Napoli ក៏បានបណ្តេញលោក Carlo Ancelotti ចេញពីតួនាទីគ្រូបង្វឹក ក្រោយដឹកនាំយកឈ្នះ Genk ៤-០ ឡើងទៅវគ្គបន្ទាប់ក៏ដោយ។

ការប្រកួតក្នុងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ក្រុមខ្លាំងប្រចាំពូល E ក្លឹបហង្សក្រហម Liverpool និងក្លឹប Napoli នឹងឡើងទៅវគ្គ ១៦ក្រុមចុងក្រោយក្នុងការប្រជែងពានរង្វាន់ Champions League រដូវកាលថ្មី ក្នុងនោះក្រុមអង់គ្លេសដែលជាក្រុមការពារតំណែងជើងឯក Liverpool បានយកឈ្នះក្រុមម្ចាស់ផ្ទះ Salzburg ពីការធ្វើបានសម្រេចដោយខ្សែបម្រើប្រយុទ្ធ Naby Ketia នៅនាទី៥៧ និងមិត្តរួមក្រុម Mohamed Salah នៅនាទី៥៨ ដោយក្រុមលោក Jurgen Klopp រកបាន ១៣ពិន្ទុ ដែលក្រុមអ៊ីតាលី Napoli មាន ១២ពិន្ទុ។

ទន្ទឹមគ្នានោះ ក្លឹប Napoli បានសម្រេចបណ្តេញលោក Carlo Ancelotti ចេញពីតំណែងគ្រូបង្វឹកក្រោយពីដឹកនាំក្រុមយកឈ្នះ ៤-០ ទៅលើក្រុម Genk នៃពាន UCL ខណៈក្រុមពពកល Napoli បានត្រឹមឈរលេខរៀងទី៧ នៃតារាងពិន្ទុក្នុងលីគកំពូល Serie A ដោយលោកដឹកនាំក្រុមឈ្នះតែ ៥ប្រកួត ក្នុងចំណោម ១៥ប្រកួតក្នុងរដូវកាលឆ្នាំ2019-2020 ខុសពីរដូវកាលមុនក្រុមនេះឈរលេខ២ នៃតារាងពិន្ទុ ខណៈកាលពីខែមុនលោកក៏បានការប៉ះទង្គិចពាក្យសំដីជាមួយប្រធានក្លឹបលោក Aurelio de Laurentiis ផងដែរ៕