(ភ្នំពេញ)៖ មិនតិចជាង២១ឆ្នាំឡើយ ដែល លោក គង់ វិសាល អ្នកគ្រប់គ្រងកម្មវិធីសិល្បៈដ៏ល្បី ប្រចាំក្នុងស្ថានីយ៍ទូរទស្សន៍បាយ័ន បានប្រែក្លាយខ្លួនពីជំនួយការកម្មវិធីលោក ហ្វៃ សំអាង ក្លាយជាអ្នកគ្រប់គ្រង និងផលិតកម្មវិធីយ៉ាងជោគជ័យ ។ លោកត្រូវគេមើលឃើញថា នៅមានកម្មវិធីធំៗ ក្នុងដៃនៅបាយ័ន ខណៈដែលផលិតករដែលបោះជំហានមុនលោក និងល្បីស្រករលោក ចាប់ផ្ដើមបិទចោលកម្មវិធីដែលធ្លាប់ លើកមុខលើកមាត់បណ្ដើរៗ។ លោកបានបង្ហើបពីគន្លិះមួយ ដែលធ្វើឲ្យលោកទទួលបានជោគជ័យ និងឈរជើងយាងរឹងមាំ ក្នុងវិស័យសិល្បៈ។

ក្រៅពីល្បីក្នុងការរៀបចំកម្មវិធីតន្ត្រី កម្មវិធីសំណើច និងកម្មវិធីហ្គេមរួមមានកម្មវិធី «ផ្ទះសំណើច» និង «មេក្រូដោះបំណុល» របស់លោកក៏ល្បីមិនណយដែរ ពោលគឺស័ក្តិសមនឹងពានអាណាចក្រតារា កាលពីឆ្នាំ២០១២ ដែលធ្លាប់ប្រគល់ពានឲ្យលោក ជាផលិតករដែលលេចធ្លោ និងមានគំនិតច្នៃប្រឌិតខ្ពស់ ក្នុងការផលិតកម្មវិធី។ ដូច្នេះហើយលោកទើបមានមុខបង្កើតកម្មវិធីថ្មីជាហូរហែ ក្នុងចំណោមផលិតករដែលមានឥទ្ធិពលក្នុងស្រុក។ លោកក៏ជោគជ័យ ដែរ ក្នុងអាជីពរៀបចំការប្រគំតន្ត្រីធំៗក្រៅឆាក ដែលជួយឲ្យលោកក្ដោបចំណូល បានរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ បន្ថែមពីលើតួនាទីជាមន្ត្រី PM ដែលលោកម្របង្ហាញ។

ក្នុងចំណោមអ្នករៀបចំកម្មវិធីដែលមានកេរ្តិ៍ឈ្មោះបោះសំលេង គេនៅតែមើលឃើញថា លោក គង់ វិសាល គឺជាអ្នកផលិតកម្មវិធីទូរទស្សន៏មួយរូប ដែលអាចឈរជើងរឹងមាំ។ មិនត្រឹមតែមានកម្មវិធីថ្មីៗ នៅក្នុងទូរទស្សន៍បាយ័ន ដែលជាស្ថាប័នល្បីខុសពីផលិតករខ្លះ ដែលចាប់ផ្ដើមបាត់បង់កម្មវិធីល្អៗម្ដងបន្តិចៗប៉ុណ្ណោះទេ លោកក៏ជោគជ័យណាស់ដែរ នៅក្នុងជីវិតស្នេហា។

លោក គង់ វិសាល និយាយថា លោកសប្បាយចិត្ត ដែលត្រូវបានមហាជនសរសើរថា ជាផលិតករជោគជ័យ ប៉ុន្តែលោកក៏ភ័យណាស់ដែរ ប្រសិនបើលោកមិនអាចផលិតកម្មវិធីណាមួយ ឲ្យល្អសមនឹងការសរសើរ។ ជាមួយគ្នានោះលោកក៏ស្នើមិនបរិយាយពីជោគជ័យ ដែលមហាជនកត់សម្គាល់នោះដែរ ដោយលោកបញ្ជាក់បងប្អូនយើង មើលឃើញយ៉ាងមិចគឺយ៉ាងនឹងទៅ ព្រោះខ្លាចគេថា អួត។ លោកបង្ហើបថា ខ្លួននឹងមានគម្រោងផលិតកម្មវិធីថ្មីៗ និងបើកជំនួញក្រៅសិល្បៈ តែសុំលាក់សិន។

ក្រឡេកទៅមើលជីវិតគ្រួសារក៏ផលិតកររូបនេះ ហាក់ក់ក្ដៅណាស់ បន្ទាប់ពីរៀបការ និងកសាងគ្រួសារហើយទទួល បានចំណងដៃកូន២នាក់ ប្រុស១ស្រី១។ លោក និង ភរិយា នៅតែបង្ហាញចំណងស្នេហ៍ផ្អែមល្ហែម មិនខុសពីទើបរៀបការថ្មីៗ កាលពីឆ្នាំ២០១២នោះផងដែរ៕