(ភ្នំពេញ)៖ ពិតណាស់បវរកញ្ញា Valentina Figuera ដែលជាម្ចាស់មកុដ «Miss Grand International 2019» បានមកដល់ប្រទេសកម្ពុជានាថ្មីៗនេះ ដើម្បីបំពេញភារកិច្ចមួយចំនួនក្នុងនាមម្ចាស់មកុដ។ តែយ៉ាងណា ក្នុងដំណើរមកកាន់កម្ពុជាលើកដំបូងនេះ កញ្ញា បានចូលរួមបរិច្ចាកថវិកាជូនមន្ទីពេទ្យគន្ធបុប្ផាចំនួន ៤លានរៀល ថែមទៀតផង។

ជាការកត់សម្គាល់ ការមកដល់ប្រទេសកម្ពុជាលើកដំបូងនេះកញ្ញា Valentina Figuera ម្ចាស់ជ័យលាភី «Miss Grand International» 2019 បានបង្ហាញពីអារម្មណ៍រំភើប និងសប្បាយរីករាយជាខ្លាំង ជាពិសេសកញ្ញាបានចាប់អារម្មណ៍ខ្លាំងលើប្រជាជនកម្ពុជា មានទឹកមុខញញឹម រួសរាយរាក់ទាក់ គួរជាទីរាប់អាន។ ងាកមកសកម្មភាពធ្វើកិច្ចការសប្បុរសធម៌របស់កញ្ញាពេលនេះ ត្រូវបានប្រជាជនខ្មែរជាច្រើន លើកនូវមតិកោតសរសើរទាំងសម្រស់ និងទឹកចិត្ត។

គួរជម្រាបថា ការមកប្រទេសកម្ពុជាពីសំណាក់ កញ្ញា Valentina Figuera និង ប្រធានគ្រប់គ្រងកម្មវិធី Miss Grand International ជនជាតិថៃលោក Nawat Itsaragrisil រួមទាំងបវរកញ្ញា ថៃ Coco នៅពេលនេះ ត្រូវបានគេដឹងថា ដើម្បីផ្ទេរសិទ្ធផ្ដាច់មុខ ក្នុងការរៀបចំការប្រកួត Miss Grand Cambodia ដល់ក្រុមហ៊ុនមហាហង្ស ដែលមានលោក អ៉ិន សុភិន ជាអគ្គនាយក។