(ភ្នំពេញ)៖ តារា K-POP ល្បីឈ្មោះ BamBam សមាជិក GOT7 បានចូលរួមជាមួយមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារប្រចាំប្រទេសថៃ ឬហៅកាត់ថា (UNICEF Thialand) ក្នុងកម្មវិធី «Blue Carpet Show» លើកទី២។ តារារូបនេះ មិនត្រឹមតែចូលរួមនោះទេ ថែមទាំងបានច្នៃម៉ូតតុក្កតាយ៉ាងពិសេស សម្រាប់កម្មវិធីនេះផងដែរ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។

កម្មវិធី «Blue Carpet Show» គឺជាព្រិឹត្តិការណ៍មួយ បង្កើតឡើងដើម្បីបង្កើនការយល់ដឹងបន្ថែម ពីអ្វីដែលកុមារនៅប្រទេសថៃ ដូចជាកុមារនៅលើពិភពលោក កំពុងតែប្រឈម និងតម្រូវការរបស់ពួកគេ។ ខណៈព្រឹិត្តិការ «Blue Carpet Show» ក្នុងឆ្នាំនេះ​ គឺមានសិល្បករថៃប្រមាណ៤០នាក់ចូលរួម ក្នុងនោះរួមទាំង BamBam សមាជិក GOT7 ផងដែរ។

BamBam ក៏ត្រូវបានគេដឹងថា មិនត្រឹមតែចូលរួមនោះទេ ថែមទាំងបានច្នៃនូវ collection ថ្មី សម្រាប់កម្មវិធីនេះផងដែរ។ ជាក់ស្តែង កាលពីដើមខែនេះ UNICEF បានបង្ហាញជាផ្លូវការនូវតុក្កតាខ្លាឃ្មុំមួយមានឈ្មោះថា «Teddy Blu» ដែលតំណាងឲ្យកម្មវិធីនេះ។ ហេតុនេះហើយ តារាល្បីៗដូចជា Peck Palitchoke, Tor Thanapob, Krist,Singto, Gubgib & Paopao និង BamBam បានរួមគ្នាច្នៃនូវ Collection ថ្មីរបស់តុក្កតាខ្លាចឃ្មុំ «Teddy Blu»។

គួរជម្រាបថា នេះមិនមែនជាលើកទី១នេះទេ ដែល ​BamBam បានចូលរួមកិច្ចការជាមួយ UNICEF. ជាក់ស្តែង កាលពីខែឧសភាកន្លងទៅ លោកបានធ្វើជាអ្នកនាំពាក្យ នៃយុទ្ធនាការរបស់ UNICEF ប្រចាំប្រទេសថៃ និងបានធ្វើការងារជាច្រើនទៀត ដើម្បីប្រឆាំងនឹងការរំលោភបំពានលើកុមារ។