(ភ្នំពេញ)៖ ដើម្បីដណ្តើមទីផ្សារនៅកម្ពុជា មានផលិតផលជាប្រេនរបស់ខ្មែរនោះ ​តារាសម្ដែងល្បី២រូប ក្នុងចំណោមតារាជាច្រើន ដែលបាន​ចូលរួមក៏សាទរ​​ និងទទូចឲ្យអាជីករធំៗ ចំណាយទុនបង្កើតប្រេនជារបស់ខ្មែរ ជាជាងចំណាយទុនចែកចាយតែផលិតផល ដែលជាប្រេនរបស់ប​រទេស ធ្វើឲ្យប្រេនផលិតបរទេសកាន់តែឈានឡើង។ ការបង្ហាញការគាំទ្រ និងទទូចឲ្យមានប្រេនផលិតផលជារបស់ខ្មែរនេះ គឺបានស្ដែងចេញក្នុងពិធីបើកសម្ពោធ ផលិតផលស្បែកជើង និងកាបូប ម៉ាក SL ដែលជាប្រេនរបស់ខ្មែរ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ នៅជាប់ផ្សារទួលទំពូង។

តារាសម្ដែង ​យ៉ែម ស្រីពេជ្រ ​ដែលចូលរួមជាភ្ញៀវកិត្តិយសនិយាយថា នាងសប្បាយចិត្ត ដែលនៅកម្ពុជា មានផលិតផលជាប្រេនម៉ាកយីហោរបស់ខ្លួនច្រើនឡើង ចរាចរនៅកម្ពុជា។ នាងថ្លែងកោតសរសើរចំពោះម៉ាកយីហោ SL ដែលជាគំនិតច្នៃប្រឌិតរបស់កូនខ្មែរ ដែលគ្រាន់តែកុម្ម៉ង់ការផលិតស្បែកជើង និង​កាបូប ពីរោងចក្របរទេស ប៉ុន្តែរាល់ការចេញម៉ូត និង ការរចនាផ្សេងៗ គឺរបស់កូនខ្មែរពិតៗ ហើយអាចធ្វើឲ្យផលិតផលនេះ មានការទទួលស្គាល់។ នាងថាខ្លួនស្គាល់ម៉ាកយីហោនេះ តាំងពីមុនបើកសម្ពោធយូរហើយ ដោយចាត់ទុកថាទាំងម៉ូដ និងគុណភាព គឺល្អជាងផលិតផលជាប្រេនបរទេស​។

មិនខុសគ្នាដែរ តារាសម្ដែង កញ្ញា ពីង រ៉ូហ្សា ក៏ចាត់ទុកថា ការបង្កើតប្រេនជារបស់ខ្មែរ នៅទីតាំងផ្សារទួលទំពូងនោះ គឺជាការទទួលបានអត្ថប្រយោជន៍ ក្នុងស្រុកនោះផងដែរ។ ជាពិសេសនៅពេលផលិតផលនោះ មានការទទួលស្គាល់ គឺពិតជាមានទីផ្សារក្រៅស្រុក ដែលអាចឲ្យម៉ាកយីហោរបស់ខ្មែរ មានមុខប្រកួតប្រជែង។

លោកស្រី ទៀង ស្រីលក្ខណ៍ ម្ចាស់ក្រុមហ៊ុន SL Footwear ដែលជាម្ចាស់ប្រេន SL របស់ខ្មែរ បានថ្លែងបញ្ជាក់ថា ដោយសារតែលោកស្រីយល់ថា វាដល់ពេលហើយ ដែលខ្មែរ គួរតែមានផលុតផលជាម៉ាកយីហោរបស់ខ្លួន ទើបលោកស្រីសម្រេចបោះទុនប្រមាណ២០ម៉ឺនដុល្លារ ដើម្បីផលិតម៉ាកយីហោមួយនេះ និងបើកហាងលក់ផលិតផលស្បែកជើង និងកាបូប ដែលជាម៉ាកដែលខ្មែរបង្កើតដោយផ្ទាល់ដៃ។ អ្នកស្រី​មិនខ្លាចប្រឈមរឿងខ្វះការគាំទ្រនោះទេ ដោយសារតែម៉ាកយីហោ ដែលលោកស្រីបង្កើតឡើង ដើម្បីឲ្យក្នុងស្រុកមានផលិតផល ជាម៉ាកយីហោរបស់ខ្មែរចរាចរនេះ ក្រុមហ៊ុនលោកស្រី មានអ្នកជំនាញច្បាស់លាស់ក្នុងការឌីហ្សាញចេញម៉ូត និង​មានអ្នកឯកទេសត្រួតពិនិត្យគុណភាព ដោយមានការទទួលស្គាល់ពីអ្នកវាតតម្លៃគុណភាព។

លោកស្រីមានមហិច្ឆតា គៀរគរអ្នកមានដើមច្រើន បង្កើតជារោងចក្រផលិតក្នុងស្រុកជំនួសឲ្យការកុម្ម៉ង់ពីរោងចក្រក្រៅស្រុក ប្រសិនបើផលិតផលស្បែកជើង និងកាបូប ម៉ាកល្បីដែលអ្នកស្រីបោះទុននេះ ទទួលបានការគាំទ្រលើទីផ្សារ។ លោកស្រីពន្យល់ថា ការបង្កើតប្រេនផលិតផលមួយ ជារបស់ខ្លួនដ្បិតថាចំណាយដើមច្រើន ព្រោះទាមទារឲ្យមានការរត់ច្បាប់ និងមានកុងត្រាច្រើនជាមួយរោងចក្រ ប៉ុន្តែជាទូទៅ គឺផលិតផលដែលផលិតបានគឺជាតម្លៃដើម ហើយមានតម្លៃទាបជាងផលិតផល ដែលមានគុណភាពប្រហែលគ្នា ដែលជាម៉ាកយីហោស្រាប់ៗរបស់បរទេស។

លោកស្រីក៏ទទូចឲ្យម្ចាស់អាជីវកម្មទាំងឡាយ ងាកមកបង្កើតម៉ាកយីហោជារបស់ខ្មែរ​ឲ្យបានកាន់តែច្រើន​ ដើម្បីឲ្យក្នុងទីផ្សារស្រុកខ្មែរ កាត់បន្ថយម៉ាកយីហោបរទេស និងដើម្បីងាយស្រួលវាយលុកទីផ្សារ ពេលផលិតផលនេះល្បីឈ្មោះ៕